បណ្តាញសង្គម

វត្ត​ឈូក បារមី​ស័ក្តិសិទ្ធិ​! ចោរ​ចូល​សំងំ​លួច​ដាប់​យក​ត្បូង​រូប​បដិមា​គេច​មិន​រួច

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៥និង១០នាទីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ពីករណីចោរចូលលួចដាប់យកត្បូងព្រះធបដិមា នៅក្នុងវត្តឈូក ហើយចោរម្នាក់នោះក៏ត្រូវបានព្រះចៅអធិការវត្ត ចាប់ខ្លួនទុក រួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់ និងបានឃាត់ខ្លួនជនសង្ស័យខាងលើដែលមានឈ្មោះ ចយ ជូ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ផងដែរ ។សេចក្តីរាយការណ៍បន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ មានជនសង្ស័យម្នាក់បានចូលទៅក្នុងចេតីយ៍វត្តឈូក ហើយសំងំដាប់យកត្បូងដែលដាំនៅលើរូបសំណាកបដិមារបស់ព្រះចៅអធិការ សេង ថន ដែលជាចៅអធិការវត្តមួយព្រះអង្គដ៏ល្បីល្បាញលើបារមីស័ក្ដិសិទ្ធិដែលប្រជាពលរដ្ឋទូទៅជិតឆ្ងាយមានជំនឿ ហើយបាននាំគ្នាទៅស្រោចទឹករំដោះគ្រោះ ។ មិនត្រឹមតែប៉ុណ្ណោះ វត្តឈូក ដែលស្ថិតនៅឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែងនេះ ក៏មានទទួលអ្នកជំងឺសរសៃប្រសាទ ជំងឺរោគចិត្ត ដែលគេនិយាយាថា (មនុស្សឆ្គួត) ជាច្រើននាក់ឲ្យស្នាក់នៅសម្រាកព្យាបាល ដោយមន្តអាគមន៍ អូមអាម ម្លូស្លា ពីព្រះចៅអធិការ សេង ថន នោះផងដែរ និងមានមនុស្សជាច្រើននាក់បានធូរស្រាល ព្រមទាំងជាសះស្បើយដោយសារបារមីដ៏ស័ក្តិសិទ្ធិរបស់ព្រះចៅអធិការវត្តឈូកនេះដែរ ។ ហេតុដូច្នេះហើយករណីចោរដែលចូលទៅលួចដាប់យកត្បូងនៅលើរូបសំណាកព្រះចៅអធិការវត្តឈូកនោះ ពិតជាមិនអាចគេចផុតពីបារមីព្រះអង្គឡើយ គឺនៅពេលកំពុងតែដាប់បានត្បូង ហើយបម្រុងគេចខ្លួននោះ ក៏ត្រូវបានអ្នកដែលទៅមើលថែទាំងអ្នកជំងឺឆ្គួតឃើញទាន់ និងបានទូលពីសកម្មភាពរបស់ចោរជូនទៅព្រះចៅអធិការ ទើបក្របួចជនសង្ស័យម្នាក់នោះបានភ្លាមៗ រួចទុកជូនសមត្ថកិច្ចតែម្តងទៅ ។

បើតាមគណៈកម្មការអាចារ្យវត្តឈូកម្នាក់ បានឲ្យដឹងថា វត្តឈូក មិនងាយមានចោរចូលទៅលួចរបស់របរក្នុងវត្តបានទេ តែជនសង្ស័យរូបនេះ ទំនងជាគេបន្លំធ្វើជាសាច់ញាតិអ្នកជំងឺ ហើយអាចស៊ើបដឹងថា របស់មានតម្លៃនៅត្រង់ណា ទើបបានជាគេចាប់ផ្តើមធ្វើសកម្មភាពនោះតែម្តង។ ជាមួយគ្នានោះដែរ វត្ថុតាងដែលសមត្ថកិច្ចចាប់យកពីចោរនោះរួមមាន ៖ ១- ញញួរប្រវែង៣តឹកចំនួន០១, ២- ដែកដាប់ថ្មប្រវែង៣តឹក ចំនួន១, ៣-ត្បូងចំនួន០៥គ្រាប់, ៤- ម៉ូតូចំនួន០១គ្រឿង ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ ផ្លាកលេខព្រៃវែង 1V.៤១៤៩, ៥- អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក, ៦- កាបូកដាក់លុយចំនួន០១, ៧- លុយខ្មែរចំនួន២៦០០រៀល, ៨- ដែកកេសចំនួន០១ និង៩- ឈឺជ្រុងប្រវែង៧តឹកចំនួន០២កំណាត់ផងដែរ ។ ក្រោយកើតហេតុ ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន រួចនាំទៅអធិការដ្ឋាននគរបាលស្រុកកំចាយមារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព