បណ្តាញសង្គម

​ផឹកទឹកត្នោតជូរហើយ មិនអស់ចិត្ត ទៅផឹកស្រា​ថែម​ជាមួយមិត្តភក្តិ ចុងក្រោយ ស្រវឹងដាប បើកឡាន បុក ២នាក់ម្ដាយកូន ស្លា.ប់នៅនឹងកន្លែង​!

ស្ត្រីចំណាស់ម្នាក់ រួមនឹងកូន បានស្លា.ប់ ខណៈពេលកំពុងជិះម៉ូតូ ហើយត្រូវរថយន្តមួយគ្រឿង ដែលបើកបរដោយបុរស ស្រវឹងដាប បើកបុកពេញទំហឹង ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ហេតុការណ៍ដ៏រន្ធ.ត់នោះ បានកើតឡើង កាលពីថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ១៩ និង៥០នាទីយប់ លើផ្លូវខេត្ត លេខ៦០ នៅចំណុចមុខផ្ទះ ឈ្មោះ ហាក់ ស្ថិតក្នុងភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ។ អ្នកបើកបររថយន្តស្រវឹងដាបនោះ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនផងដែរ។លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ ប្រាប់ឲ្យដឹងថា រថយន្ត ដែលបុរសស្រវឹងដាប បើកបរនោះ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-6754 បើកបរដោយឈ្មោះ ហុង ម៉ាង ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ បុរសនោះ បានបើកឡានបុកម៉ូតូយ៉ាងពេញទំហឹង ជាហេតុបណ្ដាលឲ្យអ្នកជិះម៉ូតូម្ដាយ និងកូន ស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

អធិការនគរបាលស្រុកព្រៃឈរ ប្រាប់បន្តថា មុនកើតហេតុ រថយន្តនោះ បើកក្នុងទិសដៅ ពីជើងទៅត្បូង ហើយបុកម៉ូតូ ម៉ាក ណេវ ប្រភេទឆ្អឹង បើកបរដោយឈ្មោះ មៀច ស្រីម៉ៅ ភេទស្រី អាយុ ៥០ឆ្នាំ ឌុបកូនបង្កើត ឈ្មោះ សុង សុខឃៀម ភេទប្រុស ១៩ឆ្នាំ។ អ្នកទាំងពីរ នៅភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទាំងពីរនាក់ មិនពាក់មួកសុវត្ថិភាពទេ។ ម៉ូតូ មានទិសដៅពីត្បូងទៅជើង។ លោកអធិការបន្ថែមថា អ្នកបើកបររថយន្ត មិនប្រកាន់ស្ដាំ និងស្ថិតក្នុងស្ថានភាពស្រវឹងស្រា អត្រាជាតិអាល់កុល ០,៧៩មីលីក្រាម ក្នុងមួយលីត្រខ្យល់។ បន្ទាប់ពីកើតហេតុភ្លាម ប្រជាពលរដ្ឋ បានរាយការណ៍ ទៅកម្លាំងនគរបាលចរាចរណ៍ស្រុក ហើយកងកម្លាំង បានចេញទៅដល់កន្លែងកើតហេតុភ្លាមៗ។

ប៉ូលិស បានឃាត់ខ្លួនអ្នកបើកបររថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ។ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ បញ្ជាក់ថា ពេលដែលបញ្ជូនអ្នកបើកបរ មកដល់អធិការដ្ឋាន កម្លាំងមន្ត្រីជំនាញចរាចរណ៍ បានសួរនាំ។ បុរសនោះ បានឆ្លើយដោយមិនដឹងទិសតំបន់ក្នុងអាការៈស្រវឹងស្រា។ រហូតដល់ព្រឹកថ្ងៃទី៣កុម្ភៈ ជំនាញបានសួរនាំម្ដងទៀត ត្រូវបានបុរសអ្នកបើកបររថយន្តឆ្លើយថា មុនកើតហេតុ រូបគេបានផឹកទឹកត្នោតជូរអស់ ២ដប នៅខាងកើតផ្សារព្រៃទទឹង បន្ទាប់មក បានបើករថយន្ដរបស់ខ្លួន ទៅផឹកជាមួយមិត្តភ័ក្របន្តទៀត នៅឃុំបារាយណ៍ ក្នុងស្រុកព្រៃឈរ រហូតដល់ស្រវឹង ហើយបើករថយន្ត ចេញមកវិញ ក៏ជួបនឹងហេតុការណ៍គ្រោះថ្នាក់នេះ តែម្ដង៕

ដកស្រង់ពី៖ កោះសន្តិភាព