បណ្តាញសង្គម

ផឹកស្រវឹង រមាស់មាត់ដើរជេរគេ លទ្ធផលបែកក្បាល ដេរជាង ៣០ថ្នេរ រីឯអ្នកវ៉ៃ ត្រូវជាប់ខ្នោះ​!

កាលពីវេលាម៉ោង១ និង ៣០នាទីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីហិង្សាមួយ បានកើតឡើងនៅចំណុច ខ្លេះខ្លោះ ក្នុងភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឲ្យជនប្រមឹកស្រវឹងខួប ដែលរមាស់មាត់ម្នាក់ របួសក្បាល ដេរជាង ៣០ថ្នេរ។

ចំណែកអ្នករមាស់ដៃ វាយអ្នកស្រវឹងនោះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន។ជនប្រមឹក ដែលរបួសក្បាល មានឈ្មោះ គៀម កុយ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ចំណែកជនសង្ស័យ ឈ្មោះ ឆេង ហុច ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា។ ដំណើររឿងនៃអំពើហឹង្សានោះ ត្រូវបានគេដឹងថា នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៧កុម្ភៈ ជនរងគ្រោះឈ្មោះ គៀម កុយ បានផឹកស្រាស្រវឹងដាប ដោយបានដើរកាត់សាលាឆទាន ហើយក៏ជេរប្រមាថ ទៅលើក្រុមគ្រួសារជនសង្ស័យ (ហៅថា មាត់អត់គំរប) ដែលអត់ដឹងរឿងអីសោះ។

ពេលនោះ ជនសង្ស័យ ឈ្មោះ ឆេង ហុច ក៏បានចូលទៅសួរ រឿងជេរប្រមាថ មកលើគ្រួសារខ្លួននោះ ស្រាប់តែពេលនោះ ឈ្មោះ គៀម កុយ ជាជនរងគ្រោះ បានយកកាំបិតស្នៀតគប់ទៅលើឈ្មោះ ឆេង ហុច ចំនួន ៣ដង ទើបឈ្មោះ ឆេង ហុច បានយកដំបងឬស្សីឃ្លី គប់ទៅលើឈ្មោះ គៀម កុយ វិញបណ្ដាលឲ្យធ្លាក់កាំបិតពីដៃ រួចឈ្មោះ ឆេង ហុច បានទាញដំបងឬស្សីឃ្លី វាយទៅលើឈ្មោះ គៀម កុយ ចំនួន ៣ ដំបង បណ្ដាលឲ្យរងរបួសបែកចិញ្ចើមដេ រចំនួន ៨ថ្នេរ និងបែកក្បាលខាងក្រោយ ដេរចំនួន ២៥ថ្នេរទៀត។ នេះជាលទ្ធផលស្រវឹង ដើរជេរប្រមាថ ទទួលបានមកវិញ ជាង ៣០ថ្នេរដូច្នេះ។ តែយ៉ាងណាក្តី សមត្ថកិច្ច ក៏បានចុះទៅធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ឆេង ហុច រួចហើយដែរ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព