បណ្តាញសង្គម

គ្រោះអគ្គិភ័យប្រល័យ ជីវិតកុមារីម្នាក់ កាលពីយប់មិញ នៅខេត្តស្វាយរៀង

ស្វាយរៀង៖ កុមារីវ័យ ៧ឆ្នាំម្នាក់ បានស្លាប់ក្នុង អណ្តាតភ្លើង យ៉ាងអណោចអាធ័ម ក្នុងគ្រោះ អគ្គិភ័យមួយ កាលពីយប់មិញ នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

យោងតាមមន្រ្តី នគរបាល ខេត្តស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង ១ រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៥ កើតមានគ្រោះ អគ្គិភ័យឆាប់ ឆេះផ្ទះឈើទំហំ ៧ គុណ៨ម៉ែត្រ ស្ថិតនៅទីតាំងខាងលើ ។

គ្រោះអគ្គិភ័យនេះ បានបន្សល់នូវភាព សោកសៅយ៉ាងខ្លាំង ដោយមិនត្រឹម តែបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិ អស់ជា ច្រើននោះទេ វាថែមទាំង បានឆាប់ឆេះ យកជីវិតកុមារីម្នាក់ ដែលមានវ័យទើប ៧ឆ្នាំទៅជាមួយផងដែរ ។ ក្មេងស្រី រងគ្រោះ មានឈ្មោះ គឹម ចាន់ថន ។

បើតាមមន្រ្តី នគរបាល ស្រុកស្វាយជ្រុំ បន្តឲ្យដឹងថា នៅយប់ថ្ងៃ កើតហេតុកុមារីរងគ្រោះ និងមីងរបស់ខ្លួន ដែល មានវ័យទើបជាង ១០ឆ្នាំ ត្រូវបានយាយតា របស់ខ្លួនទុក ឲ្យដេកនៅលើផ្ទះកើតហេតុ តែពីរនាក់ប៉ុណ្ណោះ ។

រីឯ យាយតា ទៅដេកនៅ ផ្ទះមួយផ្សេងទៀត ដែលនៅក្បែរនោះ ។ ក្រោយដឹងថា មានគ្រោះអគ្គិភ័យ គេបានព្យាយាម រុករក និងចូលជួយសង្រ្គោះ កុមារីរងគ្រោះផងដែរ តែការព្យាយាម ត្រូវក្លាយជាអសារបង់ ។

របាយការណ៍នគរបាល បានឲ្យដឹងថា ផ្ទះជួបគ្រោះអគ្គិភ័យនេះ មានម្ចាស់ឈ្មោះ មាស ទ្រី ភេទប្រុស អាយុ ៥៥ឆ្នាំ ។ គ្រោះអគ្គិភ័យ ក៏បានឆាបឆេះ រថយន្តម៉ាកសាំយ៉ុង ០២គ្រឿង ម៉ូតូ ០១គ្រឿង ប្រាក់ ២លានរៀល និង ៣០០ដុល្លារ មាសចំនួន ០៥តម្លឹង និងស្រូវចំនួន ២០០តៅ ព្រមទាំងសំភារៈ ប្រើប្រាស់មួយ ចំនួនធំទៀត ។ 

របាយការណ៍នគរបាល បានឲ្យដឹងផងដែរថា ការឆាបឆេះនេះ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។

សូមបញ្ជាក់ថា ភាពសោកសៅ កើតពីគ្រោះអគ្គិភ័យនេះ ក៏បានកើតមានផងដែរ កាលពីទៀបភ្លឺ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយ ផ្លូវលេខ៩២ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាល ឲ្យជនរងគ្រោះ ជាម្ចាស់ផ្ទះមួយគ្រួសារ មានប្តី-ប្រពន្ធ និងកូនស្រី ២នាក់ បានស្លាប់នៅ ក្នុងភ្នក់ភ្លើង ៕

 

ដកស្រង់ពី៖ ដើមអម្ពិល