បណ្តាញសង្គម

គ្រាន់តែ​ឈប់​ម៉ូតូ​បត់ជើងតូច​ភ្លាម ជួប​ជន​គួរ​ឱ្យ​សង្ស័យ​យក​អស់ពី​ខ្លួន​ភ្លែត

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ខណៈពេលហូបស្រវឹង ហើយក៏បានឈប់ម៉ូតូដើម្បីបត់ជើងតូច ត្រូវជនសង្ស័យព្រួតគ្នាវា.យយកទូរស័ព្ទ និងកាបូបលុយអស់ពីខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្បែរគល់ស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវលេខ៧៤ ភូមិ១៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានពិសាគ្រឿងស្រវឹងបន្តិចបន្តួច រួចជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HO-8108 ដោយធ្វើដំណើរម្នាក់ឯង ចេញពីបឹងកក់ឆ្ពោះទៅកាន់ស្ពានជ្រោយចង្វារ។ជនរងគ្រោះបានបន្តថា ពេលនោះខ្លួនបានឈប់ម៉ូតូបត់ជើងតូចនៅពាក់កណ្តាលផ្លូវ និងបានឃើញម៉ូតូជិះពីក្រោយខ្លួន ដែលតាមខ្លួនតាំងពីបឹងកក់ រហូតមកដល់ផ្លូវលេខ៧៤ ស្រាប់តែដល់ផ្លូវស្ងាត់ ជនសង្ស័យនោះក៏បានព្រួតវា.យខ្លួនឲ្យរងរបួសក្បាល រហូតសន្លប់បាត់បង់ស្មារតីតែម្តង។ ក្រោយពីដឹងខ្លួន ស្រាប់តែបាត់ទូរស័ព្ទ និងកាបូបលុយអស់ពីខ្លួន ដោយក្នុងកាបូបនោះមានទឹកប្រាក់ប្រមាណ១០០ដុល្លារ តែសំណាងល្អជនសង្ស័យមិនបានយកម៉ូតូនោះទេ ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះមិនចាំឈ្មោះខ្លួនឯងនោះទេ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅនាខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅខណ្ឌមានស្ទឹងមានជ័យ បានរងរបួសក្បាល រហូតសន្លប់បាត់បង់ស្មារតី ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការល្បាតប្រទះឃើញ ក៏បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសតែម្តង។ក្រោយពេលកើតហេតុ ពុំមានវត្តមានរបស់កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានដឹងដំណឹងនេះទេ ទើបកម្លាំងអាវុធហត្ថសម្រេចចិត្តជូនដំណើរជនរងគ្រោះទៅកាន់គេហដ្ឋាន ព្រោះជនរងគ្រោះសម្រេចចិត្តមិនដាក់ពាក្យបណ្តឹងនោះទេ ដោយរង់ចាំរបួសរបស់ជនរងគ្រោះជាសះស្បើយសិន ឬសម្រេចចិត្តដាក់ពាក្យបណ្តឹងវិញ ដូច្នេះកម្លាំងសមត្ថកិច្ចនឹងរង់ចាំទទួលពាក្យបណ្តឹង ដើម្បីធ្វើការស្រាវជ្រាវ ស្វែងរកមុខសញ្ញាជនសង្ស័យ ចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព