បណ្តាញសង្គម

សូម​​បង្កើន​​ការ​​ប្រុង​​ប្រយ័ត្ន​! បើកបរពេលយប់ ប្រយ័ត្ន​គោយន្តកន្ត្រៃ!​

មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយនឹងគោយន្តកន្ត្រៃពីក្រោយ បណ្ដាលឲ្យ មានមនុស្សររងរបួសធ្ងន់ ២នាក់ បុរសម្នាក់ និងក្មេងស្រីម្នាក់ ព្រមទាំងរងការខូចខាតម៉ូតូកម្រិតមធ្យម ១គ្រឿង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មាន បានឱ្យដឹងថា អ្នករងគ្រោះទី១- ភាគីបើកបរម៉ូតូ ឈ្មោះ យូ តុលា ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ គ្មានផ្លាកលេខ បើកបរក្នុងទិសដៅពីជើង ទៅត្បូង ស្របទិសគ្នា ជាមួយគោយន្តកន្ត្រៃ។ បុរសនេះ មិនពាក់មួកសុវត្ថិភាព បានរងរបួសជើងស្តាំ ធ្ងន់ធ្ងរ។ ទី២- អ្នករួមដំណើរឈ្មោះ គុណ ដាលីន ភេទស្រី អាយុ ១៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិ/ឃុំជាមួយគ្នា រងរបួសក្បាលធ្ងន់។ ចំណែកភាគីគោយន្តកន្ត្រៃ មានឈ្មោះ វៀន ថៃ ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា។ អ្នកបើកបរគោយន្ត គ្មានរបួសទេ។ ប្រភពបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់នេះ បណ្តាលមកពីគោយន្ត មិនមានភ្លើងបំភ្លឺក្រោយ។ រីឯម៉ូតូ មិនមានភ្លើងបំភ្លឺផ្លូវ ខាងមុខឡើយ។ អ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកម៉ូតូ និងគោយន្ត ត្រូវបានប៉ូលិស អូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រង់ចាំការដោះស្រាយ៕

ដកស្រង់ពី៖ កោះសន្តិភាព