បណ្តាញសង្គម

ព្យាយាម​រត់គេច​ទោះ​ជួប​គ្រោះថ្នាក់ តែ​គេច​មិន​ផុត បុរស​២​នាក់​ត្រូវ​ចាប់ខ្លួន

ជនសង្ស័យឆក់២នាក់ក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ តាមឃាត់ខ្លួនដល់ផ្ទះ កាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២២ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកដឹកអីវ៉ាន់តាមអនឡាញម្នាក់បានមួយថ្ងៃ។

ជនសង្ស័យខាងលើរួមមាន ១-ឈ្មោះ គង់ ស៊ីណាន់ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិធំត្បូង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ និង២- ឈ្មោះ យឹម វណ្ណដេត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិស្វាយ ឃុំឈ្វាងស្រុក ពញ្ញាឭ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យឆក់មានឈ្មោះ យូ ដាវុទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរដឹកអីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ០៩ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើតាមនគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ច្រាំងចំរេះទី២ តាមស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនបាននៅក្នុងភូមិធំត្បូង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។

តាមនគរបាលបានអោយដឹងទៀតថា មុនពេលកើតហេតុនៅវេលារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យមានគ្នា៤នាក់បានជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងម៉ាក iphone xs max ពណ៌ស ពីអ្នកលក់អីវ៉ាន់តាមអនឡាញនៅចំណុចផ្លូវលេខ១៨០០ ភូមិ៤សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខណៈពេលកំពុងតែនិយាយទូរស័ព្ទ។ នគរបាលបន្តថា នៅក្នុងសកម្មភាពនោះ ជនសង្ស័យឆក់បានសម្រេច រួចក៏ជិះរត់គេចខ្លួនបានបន្តិច ហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង។ ក្រោយមកជនសង្ស័យ ក៏បានយកទូរស័ព្ទព្យាយាមរត់គេចខ្លួនបាត់ស្រមោល។ ប្រភពដដែលបន្តទៀតថា បន្ទាប់ពីត្រូវជនសង្ស័យឆក់ហើយ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ហើយនគរបាលខណ្ឌឬស្សីកែវ ក៏បានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ជនសង្ស័យ បាន២នាក់ដល់ផ្ទះ ដោយក៏ដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី ពណ៌ស ស្លាកលេខ ភ្នំពេញ1IO-0993 ។ ក្រោយជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព