បណ្តាញសង្គម

ម្ចាស់ផ្ទះមិននៅ អគ្គិភ័យឆាបឆេះខ្ទេច!

លំនៅដ្ឋានប្រជាពលរដ្ឋសាងសង់អំពីឈើប្រក់ដែក នៅក្នុងឃុំចំការអណ្ដូង ស្រុកចំការលើ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង ២ និង៣៥នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ដើម្បីការពារ កុំអោយឆាបឆេះដល់ផ្ទះអ្នកក្បែរខាង។

សមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យដឹងថា ស្របពេលដែលមានគ្រោះអគ្គិភ័យ បានកើតឡើង នៅចំណុចភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក ចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ ជួយពន្លត់ផ្ទះ ដែលកើតមានគ្រោះអគ្គិភ័យនោះ។ ផ្ទះឆេះនោះ មានម្ចាស់ ឈ្មោះ សោម ពិសី ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ សមត្ថកិច្ចមូលដ្ឋាន បន្តថា ខែនេះ ជារដូវប្រាំង ហើយផ្ទះឈើ ដែលឆាបឆេះនោះ ក៏ឆេះលឿនទៀត។

ទំរាំតែរថយន្តពន្លត់អគ្គិភ័យទៅដល់ គឺភ្លើងបានឆាបឆេះយ៉ាងពេញបន្ទុកទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ កម្លាំងពន្លត់អគ្គិភ័យ បានខិតខំអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន។ ចំពោះទ្រព្យសម្បត្តិ ដែលបាត់បង់ រួមមាន៖ ផ្ទះទំហំ ៥ម៉ត្រ × ៨ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីឈើ ប្រក់ដែក ជញ្ជាំងក្ដារ ទូរទឹកកក ០១គ្រឿង ម៉ូតូ សេ១០០ កូរ៉េ ០១គ្រឿង អង្ក រ២០គីឡូ ប្រាក់ ២២០ ដុល្លារ ប្រាក់ ២០ម៉ឺនរៀល ទូរស័ព្ទ ០៣គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។ ចំណែកមូលហេតុនៃអគ្គិភ័យនេះ ត្រូវបានប៉ូលិស ឱ្យដឹងថា ឆ្លងចរន្តអគ្គិសនី ហើយម្ចាស់ផ្ទះ មិននៅ។ រហូតដល់ម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃដដែល ទើបអគ្គិភ័យនោះ រលត់អស់ ១០០% ហើយផ្ទះក៏ឆេះអស់ដែរ។ ករណីនេះ មិនបណ្ដាលឱ្យគ្រោះថ្នាក់ ឬរបួសដល់មនុស្សនោះទេ។ ក្នុងប្រតិបត្តិការនេះ ប៉ូលិស បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង និងប្រើប្រាស់អស់ទឹក ១ឡាន៕

ដកស្រង់ពី៖ កោះសន្តិភាព