បណ្តាញសង្គម

តើវាសនាអ្នកជាប់ពាក់ពន្ធ័រឿងសម្លា.ប់សត្វឆ្កែ​បីក្បាល​ធ្វើគ្រឿងក្លែម នៅខេត្តកំពត ក្លាយជាយ៉ាងណាហើយ?

រឿងដ៏កក្រើកក្នុងបណ្តាញសង្គម ក៏ដូចសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយយ៉ាងគគ្រឹកគគ្រេងនូវរឿងមួយ ពុំដែលធ្លាប់មាន គឺរឿងកម្មករសំណង់ ចាប់ឆ្កែ មានម្ចាស់ចំនួនបីក្បាល សម្លាប់ធ្វើគ្រឿងក្លែម ហើយមិនទាន់បានចម្អិនយកមកក្លែមផង ក៏ត្រូវម្ចាស់ឆ្កែ មកទាន់ ដែលកំពុងកាប់សាច់។

ម្ចាស់ឆ្កែ បានដាក់ពាក្យបណ្តឹង មកប៉ុស្តិ៍ប៉ូលិស ដើម្បីឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ និងជនដៃដល់ ដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កន្លងមក។សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តកំពត បានឲ្យដឹងថា តាមការស្រាវជ្រាវ ជនជាប់ពាក់ព័ន្ធ និងជនដៃដល់ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ មកធ្វើការសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ហើយក្រោយពីការសាកសួរ សមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ ប្រភពព័ត៌មានពីតំណាងអយ្យការសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា តាមការសាកសួរពីអយ្យការអមសាលាដំបូងខេត្តកំពត ចំពោះជនទាំង៩នាក់ ដែលសមត្ថកិច្ច បានបញ្ជូនមកតុលាការនេះ គឺមានម្នាក់ចំណាស់ជាងគេ តាមពិនិត្យ និងសាកសួរទៅ ឃើញថា គាត់មិនមានជាប់ពាក់ព័ន្ធក្នុងករណីនេះទេ។

គាត់ជាសាក្សី គ្រាន់តែឃើញគេធ្វើសកម្មភាព ហើយបានរាយការណ៍បំភ្លឺប្រាប់សមត្ថកិច្ច និងតំណាងអយ្យការ តែប៉ុណ្ណោះ។ ដោយយល់ឃើញថា គាត់គ្មានកំហុស អយ្យការ ក៏បានដោះលែង ឲ្យតាចំណាស់ម្នាក់នោះ ទៅផ្ទះវិញ។ ចំណែកជនត្រូវចោទទាំង ៨នាក់ទៀត ខាងអយ្យការ បានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីដាក់បន្ទុកបន្ត នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ។ ប៉ុន្តែជាលទ្ធផលនៅពុំទាន់ដឹងនៅឡើយ។ សូមរម្លឹកថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១២ថ្ងៃត្រង់ ម្ចាស់ឆ្កែ ដែលមានអាខោនហ្វេសបុកឈ្មោះថា «សំអាងការ ស្រីម៉ៅមង្គល» បានឡាយវីដេអូ ដោយស្រែកទ្រហោយំយ៉ាងខ្លាំង ខណៈគាត់ តាមរកឃើញសត្វឆ្កែ ដែលខ្លួនខំចិញ្ចឹម និងស្រឡាញ់ទាំងនោះ ត្រូវបានគេសម្លាប់ ហើយកាប់ជាដុំៗ រៀបចំ យកទៅធ្វើជាម្ហូប។ ម្ចាស់ឆ្កែ រៀបរាប់ថា មុនកើតហេតុ ឆ្កែទាំង ៣ក្បាលនោះ បានរត់លេងជាធម្មតា តែដោយសារនៅជិតផ្ទះរបស់ខ្លួន មានការដ្ឋានសំណង់ ហើយរបងមានចន្លោះប្រហោង ទើបឆ្កែទាំងនោះ បានរត់ចូល ទៅក្នុងការដ្ឋាន ក៏ត្រូវក្រុមកម្មករសំណង់ ចាប់ធ្វើម្ហូបតែម្តង។ ម្ចាស់ឆ្កែ បានសម្រេចដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ដើម្បីជួយរកយុត្តិធម៌ ឱ្យដល់ឆ្កែ ដែលខ្លួនស្រឡាញ់។

សមត្ថកិច្ចប៉ូលិស បានទៅពិនិត្យដល់ទីកន្លែងកើតហេតុ និងបានឃាត់ខ្លួនមនុស្សប្រុស ចំនួន ៩នាក់ ដើម្បីសាកសួរ និងស្វែងរកជនដៃដល់ ដែលបានសម្លាប់សត្វឆ្កែទាំង ៣ក្បាលនោះ។ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរបង្ហោះតាមហ្វេសប៊ុកថា «សត្វ ក៏ត្រូវតែមានយុត្តិធម៌ដែរ។ ករណីចាប់ឆ្កែ Husky ធ្វើម្ហូប ជនសង្ស័យ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ»។ សូមបញ្ជាក់ថា ច្បាប់ ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ការដើរទាក់លក់-ទិញ និងពិឃាតសត្វអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ត្រូវផ្តន្ទាទោស តាមមាត្រា១១២ មាត្រា១១៣ និងមាត្រា ១១៥។ មាត្រាទាំង ៣នេះ បានកំណត់ពិន័យជាប្រាក់ពី ៧លានរៀល ទៅ ៥០លានរៀល និងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ៕

ដកស្រង់ពី៖ កោះសន្តិភាព