បណ្តាញសង្គម

ឆ្មក់​ស្ត្រី​ម្នាក់​ក្នុង​ផ្សារ​​សម្រេច តែ​គេច​មិន​ផុត​ពី​អន្ទាក់​ប្រជា​ការពារ និង​សន្តិសុខ​ផ្សារ

ជនសង្ស័យម្នាក់ត្រូវបានប្រជាការពារភូមិសហការជាមួយកម្លាំងសន្តិសុខផ្សារភូពុយ ក្របួចជាប់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាក honda dream ពាក់ស្លាកលេខ ពោធិ៍សាត់ 1AF 8164 នៅវេលាម៉ោង៤និង៤៥នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ នៅផ្សារភូពុយ ក្នុងក្រុងពោធិ៍សាត់។

លោក យឹម សៀងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ប៊ូដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ ចំណែកម្ចាស់ម៉ូតូរងគ្រោះឈ្មោះ ប៊ីសៀន សុវណ្ណនី ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផលក្រុងពោធិ៍សាត់។លោកបញ្ជាក់ថា នៅមុនពេលអំពើចោរកម្មខាងលើកើតឡើង គឺស្ត្រីរងគ្រោះបានជិះម៉ូតូនៅផ្សារភូពុយ រួចទុកម៉ូតូនៅក្បែរខ្លួន ហើយដោយសារតែជាប់រវល់ទិញអីវ៉ាន់មិនបានចាប់អារម្មណ៍តែមួយភ្លែតសោះ ក៏ត្រូវជនសង្ស័យខាងលើ លួចជិះបម្រុងរត់គេចខ្លួនតែម្តង ប៉ុន្តែគេចមិនផុត ក៏ត្រូវប្រជាការពារភូមិសហការជាមួយសន្តិសុខផ្សារពូពុយ នាំគ្នាព័ទ្ធចាប់បានភ្លាមៗតែម្តង រួចប្រគល់ម៉ូតូឲ្យម្ចាស់វិញ ចំណែកជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការបន្ត។លោកអធិការបានឲ្យដឹងផងដែរថា ចំពោះជនសង្ស័យខាងលើនេះ សមត្ថកិច្ចរបស់លោកបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចរាល់ហើយនៅរសៀលថ្ងៃទី១៦ ខែមីនានេះ៕

ដកស្រង់ពី៖ កោះសន្តិភាព