បណ្តាញសង្គម

ដោយសារតែថ្នាំញៀន​ យុវជនមួយក្រុម ហ៊ានធ្វើរឿងនេះ!

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ០៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគរបាលច្បារអំពៅ២ ស្រាវជ្រាវធ្វើការឃាត់ខ្លួនបាន ក្រោយពួកគេធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិពីបុរសម្នាក់ បានសម្រេច ហើយរត់គេចខ្លួនអស់ជាច្រើនថ្ងៃ។

ជនសង្ស័យរូបនេះ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ១៦ និង០០នាទីល្ងាចថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ជនសង្ស័យមានឈ្មោះ ឌី កក្កដា ( ហៅ ចេក ) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកបក្សពួក០៤នាក់ទៀតដែលរត់គេចខ្លួន មានឈ្មោះ ឌី , ឈ្មោះ ញ៉ុង , ឈ្មោះ ឆក និងឈ្មោះ ចាន់ធី។ ចំណែកជនរងគ្រោះ មានឈ្មោះ ហេង សំបូរ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរមេជាងសិប្បកម្មដែកគោល ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

មន្ត្រីសមត្ថកិច្ច អោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូមកឈប់កន្លែងកើតហេតុ រួចក៏ដើរទៅបត់ជើងតូច។ ខណៈនោះ ស្រាប់តែជនសង្ស័យ ទាំង ០៥នាក់ខាងលើ ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក ទៅឈប់ក្បែរជនរងគ្រោះ រួចនាំគ្នាយកដំបងឈើមូល វាយជនរងគ្រោះ បណ្តាលឲ្យរបួសថ្ពាល់ខាងស្តាំ និងបែកច្រមុះ ដួលសន្លប់លើដី។ បន្ទាប់ពីវាយជនរងគ្រោះ អោយដួលរួច ក្រុមជនសង្ស័យបានយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ មានទូរស័ព្ទដៃ ០១គ្រឿង ម៉ាកស៊ែវមី ពណ៌ខ្មៅ និងប្រាក់ ៥ម៉ឺនរៀល រួចនាំគ្នាគេចខ្លួន ដោយយកលុយនោះ ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។

ចំណែកទូរស័ព្ទដៃរបស់ជនរងគ្រោះ គឺជនសង្ស័យឈ្មោះ ឌី , ឈ្មោះ ញ៉ុង , ឈ្មោះ ឆក និងឈ្មោះ ចាន់ធី ជាអ្នកលាក់ទុក។ បន្ទាប់ពីកើតមានអំពើវាយប្លន់ខាងលើរួចមក ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅ២។ ក្រោយទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវ រហូតដល់ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឌី កក្កដា ខណៈបក្សពួក០៤នាក់ កំពុងរត់គេចខ្លួន ហើយក៏កំពុងឋិតក្រោមការស្រាវជ្រាវតាមចាប់ខ្លួនរបស់សមត្ថកិច្ច។ ជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់។ ជនសង្ស័យដដែលនេះ ក៏មានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព