បណ្តាញសង្គម

ដឹកអង្កាម តែលួចបង្កប់ឈើពីក្រោម ត្រូវមេព្រៃ ចាប់ជាប់!

រថយន្តយីឌុបខ្នាតយក្សមួយគ្រឿងដឹកអង្កាម បង្កប់ឈើពីក្រោម ត្រូវកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវ សហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះបង្ក្រាបបាន នៅស្រុកជីក្រែង រួចនាំយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវ។

ចំណែក អ្នកបើកបរ ចុះរត់គេចខ្លួនបាត់។ហេតុការណ៍ឃាត់រថយន្តដឹកឈើនោះ បានធ្វើឡើង នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវជាតិលេខ ៦៦ ក្នុងភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឱ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើខ្វាវ សង្កាត់រដ្ឋបាលព្រៃឈើជីក្រែង និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានសហការគ្នាធ្វើការឃាត់រថយន្ត ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ កាច់ចង្កេះ(v១) ដែលក្បាលឡាន ពាក់ស្លាកលេខ កំពង់ធំ 3A-0232 ហើយរឺម៉កកន្ទុយ ពាក់ស្លាកលេខ ព្រះសីហនុ 4A-0092 ដឹកឈើអារប្រភេទលេខ១ (ឈ្លីក)ចំនួន ២០៤ដុំ ស្មើនឹង ២០ ម៉ែត្រគូប។

លោក ម៉ុង ប៊ុនលីម បានបញ្ជាក់ទៀតថា រថយន្តដឹកឈើ ដែលបង្កប់អង្កាមពីលើនេះ សមត្ថកិច្ចពិបាកក្នុងការបង្ក្រាបយ៉ាងខ្លាំង ប៉ុន្តែពេលនេះ កម្លាំងជំនាញចាប់បានហើយ កាលពីថ្ងៃទី១៦មីនា នៅទីតាំងខាងលើ នៅពេលក្រុមការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ធ្វើការហៅរថយន្តឱ្យឈប់ នៅពេលនោះ តៃកុងរថយន្តបានបើកទ្វាររថយន្ត រត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញ បាននាំយករថយន្ត ដែលផ្ទុកវត្ថុតាងបទល្មើសនោះ មករក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើជីក្រែង នៅភូមិកកោះ ឃុំគោកធ្លកក្រោយ ស្រុកជីក្រែង និងបានធ្វើការវាស់វែង។ គួររំលឹកផងដែរថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធពិធីប្រជុំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២។ ក្នុងឱកាសនោះ ថ្នាក់ ដឹកនាំនៃអង្គប្រជុំ បានជំរុញឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ បង្កើនការចុះបង្ក្រាបបទល្មើសឲ្យបានល្អប្រសើរ ដើម្បីឱ្យព្រៃឈើ នៅគង់វង្ស បានយូរអង្វែង៕

ដកស្រង់ពី៖ កោះសន្តិភាព