បណ្តាញសង្គម

ស្ត្រី​ម្នាក់​រៀបរាប់​ទាំង​ទឹកភ្នែក​ពី​រឿងហេតុ​ដែល​គាត់​ជួប​នៅ​ទល់​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីជាអ្នកទួលអំបោសដើរលក់តាមម៉ូតូម្នាក់ ខណៈកំពុងសុំម៉ូតូគេជិះពីផ្ទះកូនត្រឡប់ទៅផ្ទះកន្លែងលក់ដូរវិញ ក៏ត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់យកកាបូបស្ពាយទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះដែរ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចទល់មុខផ្សារស្ទឹងមានជ័យចាស់ ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើមានឈ្មោះ អុង អៀប ភេទស្រី អាយុ៦០ឆ្នាំ មុខរបរទួលអំបោសលក់ ស្នាក់នៅម្តុំសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ភូមិថ្លាំង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកសម្ភារៈដែលបាត់បង់ រួមមានលុយខ្មែរចំនួន១០ម៉ឺនរៀល ទូរស័ព្ទចំនួន១គ្រឿង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹកផងដែរ។តាមសម្តីស្ត្រីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា មុននឹងកើតហេតុ រូបគាត់បានសុំម៉ូតូអ្នកជិតខាងជិះចេញពីផ្ទះជួលរបស់កូន នៅម្ដុំផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្នុងគោលបំណងត្រឡប់ទៅផ្ទះថៅកែវិញ នៅម្តុំសន្សំកុសល ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីលិចទៅកើត លុះមកចំណុចកើតហេតុ មុខផ្សារស្ទឹងមានជ័យចាស់ ក៏ស្រាប់តែត្រូវក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូ៤ទៅ៥គ្រឿងបានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់បានសម្រេច ហើយក៏នាំគ្នាបន្ថែមល្បឿនម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់តែម្ដង។ប្រភពដដែលបន្តថា បន្ទាប់ពីត្រូវជនសង្ស័យឆក់កាបូបហើយ រូបគាត់ រួមទាំងស្ដ្រីជាម្ចាស់ម៉ូតូម្នាក់ទៀត បានជិះម៉ូតូមកគោលដៅសមត្ថកិច្ចនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ក្រុង ដែលប្រចាំការនៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ ក៏បានទំនាក់ទំនង ហៅសមត្ថកិច្ចមូលដ្ឋានអោយមកទទួលយកស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់ ព្រមទាំងយកសម្ភារៈរបស់គាត់មកវិញផង។

ដកស្រង់ពី៖ កោះសន្តិភាព