បណ្តាញសង្គម

ឃើញមានការសង្ស័យ សុំឆែកឆេរ ប្រទះឃើញមាន​គ្រឿងញៀ.ន ក៏សម្រេចឃាត់ខ្លួនភ្លាមៗ

ជនសង្ស័យ ០៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាល ស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីឆែកឆេររកឃើញមានថ្នាំញៀន នៅចំណុចតាមបណ្តោយមហាវិថីចោមចៅ ( ផ្លូវវេងស្រេង ) ក្បែរការ៉ាស់តូតាល់ ស្ថិតក្នុងភូមិដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១៤រសៀល ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២២។

ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះ ស្មាន ហាំពន្លឺ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅ ផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី២ ឈ្មោះ សាត ហាំនី ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី៣ មានឈ្មោះ ម៉ូ សាឡែត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខណ្ឌដូនពេញ។ ជនសង្ស័យទាំង០៣នាក់ មានផ្ទុកសារធាតុញៀន។ ប្រភពមន្ត្រីសមត្ថកិច្ច អោយដឹងថា មុនឈានដល់ការឃាត់ខ្លួន គឺកម្លាំងសមត្ថកិច្ច បានពង្រាយកម្លាំងចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋ។ ខណៈល្បាតដល់ចំណុចខាងលើ ក៏ស្រាប់តែប្រទះឃើញ ជនសង្ស័យទាំង ០៣នាក់ខាងលើ ឈប់ម៉ូតូអើតលើមៗ មើលទៅហាក់ មានការសង្ស័យ ក៏សមត្ថកិច្ចទៅក្បែរ និងសុំធ្វើការឆែកឆេរ ហើយក៏បានប្រទះឃើញមានថ្នាំញៀន លាក់ទុកក្នុងកាបូបពួកគេ ទើបសមត្ថកិច្ច សម្រេចឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ៣ ដើម្បីសាកសួរនាំបន្តនីតិវិធី។ ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចដកហូតបានថ្នាំញៀន ក្រាមសថ្លា ១០កញ្ចប់ថង់តូច និង ០១កញ្ចប់ធំល្មម ម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រ៊ីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាក់លេខ 1N-7774។ យុវជនទាំង ៣នាក់ ត្រូវបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធិច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព