បណ្តាញសង្គម

បើកបរខ្វះការប្រុងប្រយ័ត្ន! ឡានដឹកដី ស្លាកលេខ ខេមរភូមិន្ទ រេចង្កូត បុក​ម៉ូតូកង់បី បញ្ច្រាសទិស ស្លា.ប់ ៣នាក់

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៣០នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៥ និងលេខ ៥៦ នៅជិតភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តម៉ាកនីសសាន់ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 05 3 371 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ក៏បានរេចង្កូត ទៅបុកម៉ូតូកង់បីមួយគ្រឿង ដែលមានទិសដៅបញ្ច្រាស់គ្នា ពីជើង ទៅត្បូង បណ្ដាលឲ្យមនុស្ស ៣នាក់ ជិះក្នុងរ៉ឺម៉កកង់ ៣ ទាំងអ្នកបើកបរ បានស្លា.ប់ ភ្លាមៗ នៅកន្លែងកើតហេតុហេតុតែម្តង។

សមត្ថកិច្ចឱ្យដឹងថា អ្នកបើកបររថយន្ត មានឈ្មោះ យិន នឹត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិជើងលា ឃុំជើងលា ស្រុកបារាយណ៍ ខេត្តកំពង់ធំ (គ្មានរងរបួស តែរថយន្ដខូចខាតធ្ងន់)។ រីឯជនរងគ្រោះខាងម៉ូតូកង់បី ដែលស្លា.ប់ ចំនួន ៣ នាក់ ក្នុងនោះ ស្រី ២នាក់ ប្រុសម្នាក់ ជាអ្នកបើកបរ។ ១-ជនរងគ្រោះអ្នកបើកបរម៉ូតូកង់បី ឈ្មោះ ចាន់ បាទ ភេទប្រុស អាយុ ៣៧ ឆ្នាំរស់នៅភូមិព្រែកអុងបាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូកង់បីពណ៌ស ពាក់ស្លាកលេខ 1AB 6783 ស្លា.ប់នៅកន្លែងកើតហេតុ។ ២-ជនរងគ្រោះ ជាអ្នករួមដំណើរ ឈ្មោះ ម៉ាន់បុល ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត (ស្លា.ប់)។ ៣- អ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ផែត បាស់ ភេទស្រី អាយុ ២៦ ឆ្នាំ រស់នៅភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគីរីខេត្តកំពត (ស្លា.ប់)។

ស្ត្រីទាំងពីរនេះ ត្រូវជាម្ដាយ និងកូន។ ប្រភពពីសមត្ថកិច្ចបន្តថា ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានមកពិនិត្យសាកសព និងធ្វើការវាស់វែង រួចប្រគល់សាកសព ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯសាកសពតៃកុងម៉ូតូកង់បី រង់ចាំសាច់ញាតិ មិនទាន់មកទទួលយកទៅនៅឡើយ ក្រោយកើតហេតុភ្លាមៗ។ សមត្ថកិច្ច បានទាក់ទងទៅក្រុមគ្រួសារសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូកង់បី ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ យករថយន្តស្ទូច មកស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជុំគិរី រង់ចាំការដោះស្រាយ តាមច្បាប់ នៅពេលក្រោយ៕

ដកស្រង់ពី៖ កោះសន្តិភាព