បណ្តាញសង្គម

លទ្ធផលនៃការផឹកស៊ី! ក្រុមផឹកស៊ីតាមផ្ទះ នៅក្បែរគ្នា ទាស់ពាក្យសម្តីតិចតួច ផ្ទុះហិ.ង្សាវាយទាំងមនុស្ស និងកម្ទេចទាំងម៉ូតូ

មនុស្ស ២នាក់ ក្នុងចំណោមបក្សពួក ៧នាក់ ដែលបានប្រើប្រាស់ហិង្សាលើជនរងគ្រោះ០៣នាក់ បណ្តាលឱ្យម្នាក់ រងរបួសធ្ងន់ និងបានវាយកម្ទេចម៉ូតូរបស់ជនរងគ្រោះផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាល ច្បារអំពៅ២ ធ្វើការឃាត់ខ្លួន នៅចំណុចមុខផ្ទះគ្មានលេខ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២០ និង ៣០នាទី យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

ជនសង្ស័យទាំង ២នាក់ ដែលត្រូវឃាត់ខ្លួននោះ មានឈ្មោះ កុយ ទិត ភេទប្រុស អាយុ ២២ឆ្នាំ កម្មកររោងការ ស្នាក់នៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ និងម្នាក់ទៀត មានឈ្មោះ ឃុត រុន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែក ជនរងគ្រោះចំនួន ០៣នាក់ មានឈ្មោះ សឿន សុខវិសាល ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ទី២ ឈ្មោះ សឿន សំបូរមី ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរដឹកជញ្ជូន ស្នាក់នៅ ក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា និងទី៣ ឈ្មោះ ស្វាយ ថៃ ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២។

ប្រភពព័ត៌មាន ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង ៥នាក់ បានអង្គុយហូបចុកលេងនៅមុខផ្ទះធម្មតា។ ស្របពេលជាមួយគ្នានោះ ក៏មានមនុស្សមួយក្រុមទៀត មានគ្នា ០៧នាក់ បានអង្គុយផឹកស៊ី នៅក្បែរនោះដែរ លុះស្រវឹងរៀងខ្លួន ក៏កកើតជាសម្តីឌឺដងដាក់គ្នា រហូតធ្វើអោយភាគីមួយក្រុម ដែលមានគ្នា ៧នាក់ បាននាំគ្នាយកដំបងឈើ ពូថៅ និងកាំបិតប៉័ងតោ ធ្វើសកម្មភាពវាយ និងកាប់ប្រហារទៅលើក្រុមជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ខណៈ ៤នាក់ទៀត មិនបានរងរបួស។ ក្រោយប្រើហិង្សាលើជនរងគ្រោះរួច ក្រុមភាគីខាងបង្ក ក៏បានធ្វើសកម្មភាព កាប់កម្ទេចម៉ូតូរបស់ក្រុមជនរងគ្រោះ ចំនួន ៣គ្រឿង បណ្តាលអោយរងការខូចខាតផងដែរ។ ភ្លាមៗ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ ដល់ទីតាំង និងបានឃាត់ខ្លួនក្រុមជនបង្ក បានចំនួន ២នាក់ ខណៈបក្សពួក៥នាក់ទៀត បានរត់គេចខ្លួន មុនពេលសមត្ថកិច្ច ទៅដល់។

ដោយឡែក ជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបក្សពួកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បច្ចុប្បន្ន ជនសង្ស័យ ទាំង ២នាក់ ត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅ២ រង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់។ ដោយឡែក បក្សពួករបស់គេ ៥នាក់ទៀត សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវបន្ត ក្នុងការតាមចាប់ខ្លួន យកមកផ្តន្ទាទោស៕

ដកស្រង់ពី៖ កោះសន្តិភាព