បណ្តាញសង្គម

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ចេញប្រកាស បដិសេធ​ម្តងទៀត ពីការប្រើអំពើហិ.ង្សា បៀតបៀន​ផ្លូវភេទ​លើស្រ្តី ជាក្រុមបាតុករទេ

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បង្ហាញថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់មជ្ឈដ្ឋានមួយក្តាប់តូច តាមបណ្តាញសង្គម ដោយចោទប្រកាន់មកលើអាជ្ញាធរ មានសមត្ថកិច្ចថា បានប្រើអំពើហិង្សា បៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានត្រឹមត្រូវ និងច្បាស់លាស់ មានចេតនាមួលបង្កាច់ ចោទប្រកាន់ និងទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម។ សេចក្តីប្រកាស បន្តថា ករណីចោទប្រកាន់ស្រដៀងគ្នានេះ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានធ្វើការបំភ្លឺតាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រួចមកហើយ។ ដើម្បីចៀសវាងសាធារណជន មានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការគូសបញ្ជាក់សាជាថ្មីថា ចាប់តាំងពីក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បានប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈអស់រយៈពេលប្រមាណជាង ៣ខែកន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ច បានខិតខំចូលរួមសម្របសម្រួលដោះស្រាយវិវាទការងារ និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ប្រកបដោយភាពអត់ធ្មត់ខ្ពស់ ទោះបីជារងនូវការមួលបង្កាច់ចោទប្រកាន់ប្រមាថមើលងាយ ដោយប្រើពាក្យពេចន៍អសុរោះ និងអាកប្បកិរិយាមិនសមរម្យ អសីលធម៌ រហូតឈានដល់ទទួលរងនូវការប្រើអំពើហិង្សា បង្ករបួសស្នាម ពីសំណាក់ក្រុមបាតុករទាំងនោះ។

ការខិតខំបំពេញភារកិច្ចទាំងអស់នេះ គឺដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនក្រុមបាតុករទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅរាជធានីភ្នំពេញ ដែលគួរតែទទួលបាននូវការផ្តល់តម្លៃ ប៉ុន្តែផ្ទុយទៅវិញបែរជាទទួលបាននូវការចោទប្រកាន់ថា បានប្រេីអំពើហិង្សា បៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ។ សេចក្តីប្រកាស បន្ថែមថា វាអាចទៅរួចដែរ ឬទេ ដែលថាអាជ្ញាធរមានសមត្ថកិច្ចបានប្រព្រឹត្តិអំពើហិង្សា និងអំពើអសីលធម៌ដូចការចោទប្រកាន់ នៅចំពោះមុខមនុស្សម្នា អាជីវករ អ្នកធ្វើដំណើរ នៅទីប្រជុំជនជាច្រើននាក់ តាមទីសាធារណៈ ពិសេសស្ថិតក្រោមការត្រៀមរង់ចាំផ្តិតយករូបភាពពីសំណាក់ក្រុមបាតុករ ដែលប្រើកាមេរ៉ាទូរស័ព្ទគ្រប់ដៃ តាមផែនការគ្រោងទុករបស់អ្នក នៅពីក្រោយដែលរៀបចំជាឈុតឆាក សម្រាប់ឱ្យសម្ដែង។ ចំពោះការចោទប្រកាន់ខាងលើនេះ ប្រសិនបើមានការពិតនោះ គួរណាស់តែជនរងគ្រោះ ពិតប្រាកដ បង្ហាញភស្តុតាងឱ្យបានច្បាស់លាស់ និងដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីមានមូលដ្ឋានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះបុគ្គលដែលបានប្រព្រឹត្តបទល្មើសមកផ្តន្ទាទោស។

ផ្ទុយទៅវិញ ប្រសិនបើមានការដាក់ពាក្យបណ្តឹងជាផ្លូវការ ហើយសមត្ថកិច្ចរកពុំឃើញភស្តុតាង ដូចការប្រកាន់នោះទេ អ្នកទាំងនោះក៏នឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នាដែរ។ ជាមួយគ្នានេះ សេចក្តីប្រកាស លើកឡើងថា ក៏មានការចោទប្រកាន់ផងដែរ មកលើសមត្ថកិច្ចថា បានរារាំងមិនឱ្យអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានមួយចំនួនតូច បំពេញការងាររបស់ខ្លួននោះ គឺជាការលើកឡើងដោយគ្មានហេតុផល ព្រោះថា សមត្ថកិច្ចមិនដែលរារាំង និងហាមឃាត់ឡើយ ប៉ុន្តែពួកគាត់បានធ្វើដំណើរបំពេញការងារហួសព្រំដែនច្បាប់ដែលបានកំណត់ ដោយពួកគាត់ធ្វើដំណើរចូល ទៅក្នុងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច ហើយអាជ្ញាធរគ្រាន់តែស្នើឱ្យពួកគាត់ នៅក្រៅរង្វង់ប្រតិបត្តិការ ចៀសវាងមានឧបទ្ទវហេតុ ដែលបង្កឡើងដោយជនអគតិ ឬភាន់ច្រឡំថា ពួកគាត់ជាក្រុមបាតុករ ដែលអាចនឹងត្រូវបានអញ្ជើញទៅធ្វើការសម្ដែងមតិ នៅទីលានប្រជាធិបតេយ្យ៕

ដកស្រង់ពី៖ កោះសន្តិភាព