បណ្តាញសង្គម

អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ឆក់​ត្រជាក់ និង​កាណូត​ល្បឿនលឿន សមត្ថកិច្ចតាមចាប់មិនដែលទាន់ តែពេលនេះ តាមចាប់ដល់ផ្ទះ

ក្រោយពីកំណត់មុខសញ្ញាជនសង្ស័យ ដែលតែងតែប្រើឧបករណ៍ឆក់ត្រី (ឆក់ត្រជាក់) និងប្រើប្រាស់កាណូតល្បឿនលឿន បានច្បាស់លាស់ នៅវេលាម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចចម្រុះ និងមន្ត្រីជំនាញ ចុះចាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមាត់ទន្លេ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោក តាត សីហាក់ មន្ត្រីរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈឿង រដ្ឋា ហៅ រ័ត្ន ភេទប្រុស រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺដោយសារតែកន្លងមក ជនសង្ស័យរូបនេះ តែងតែធ្វើសកម្មភាពឆក់ត្រជាក់ នៅចំណុចភូមិចុងកោះ និងចំណុចភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ប៉ុន្តែសមត្ថកិច្ច មិនងាយដេញតាមទាន់ឡើយ ព្រោះតែជនសង្ស័យរូបនោះ ប្រើកាណូតល្បឿនលឿន។ ប៉ុន្តែពេលនេះ ដោយកំណត់មុខសញ្ញាបាន មន្ត្រីរដ្ឋបាលជលផល បានធ្វើកំណត់ហេតុ បញ្ជូនទៅកាន់តុលាការ ទើបនៅព្រឹកថ្ងៃទី២៨ មីនានេះ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោកព្រះរាជអាជ្ញា បានចុះចាប់ដោយផ្ទាល់ និងដកហូតវត្ថុតាង រួមមាន ម៉ាស៊ីនឆក់ត្រជាក់ ១ គ្រឿង និងកាណូត បាឡាស្មាច់ បំពាក់ដោយម៉ាស៊ីន ៦សេះ ល្បឿនលឿនមួយគ្រឿង។ ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ស្ដីពី ជលផល។ សូមរំលឹកថា ក្រោយពីការអនុវត្តការបង្ក្រាបបទល្មើសយ៉ាងក្តៅគគុករបស់អាជ្ញាធរ ខេត្តកំពង់ឆ្នាំង មកដល់ពេលនេះ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ឧបករណ៍ឆក់ត្រីឆក់ត្រជាក់ និងអ្នកទិញត្រី ចំនួន ៣នាក់ហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព