បណ្តាញសង្គម

ចាប់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់ និង​បុរស​ខ្មែរ ជា​ឈ្មួញ​ចាំ​ប្រមូល​ទិញ​ផល​ត្រី​បាន​មក​ពី​បទល្មើស​នេសាទ​(​ឆក់​) នៅ​បឹង​ទន្លេសាប

កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំនួន៣ គឺស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជលគិរី រួមនឹងសមត្ថកិច្ចចម្រុះរបស់ក្រុងកំពង់ឆ្នាំង បន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ស្ថិតនៅតាមដងទន្លេសាប ដោយឃាត់ខ្លួនឈ្មួញប្រុសស្រី ចំនួន២នាក់ (ជនជាតិវៀតណាម និងខ្មែរ) ជាអ្នកចាំទទួលទិញផលត្រី ដែលបានមកពីការប្រព្រឹត្តបទល្មើសនេសាទ(ឆក់) នៅតំបន់បឹងទន្លេសាប ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអោយដឹងថា នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងនគរបាលក្រុងកំពង់ឆ្នាំង បានចាប់ឃាត់ និងប្រគល់ខ្លួនជនសង្ស័យ២នាក់ រួមមាន ៖ ជនសង្ស័យទី១ ឈ្មោះ ចាំង ធីហឿង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម នៅភូមិចុងកោះ ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង (ជាអ្នកប្រមូលទិញផលត្រី(ឆក់) និងលក់អាំងវ៉ិចទ័រ) ។ ជនសង្ស័យទី២ ឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្លត ឃុំផ្លវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (ជាអ្នកប្រមូលទិញផលត្រី ឆក់) ។ ជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង នាំខ្លួនប្រគល់ទៅឲ្យរដ្ឋបាលជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅរសៀលថ្ងៃដដែលនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា យើងត្រូវធ្វើការបង្ក្រាបបញ្ចប់ដល់ឫសគល់ បើអ្នកនៅតែមិនបញ្ឈប់សកម្មភាពល្មើសច្បាប់ទាំងនេះទេ អាជ្ញាធរមានសមត្ថកិច្ចនឹងនៅតែបន្តចាត់វិធានការទៅតាមនីតិវិធីច្បាប់រហូតដល់បញ្ចប់ទាំងស្រុងនូវបទល្មើសនេសាទ និងការបំផ្លាញធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទទាំងអស់ ដើម្បីធានាអោយបានធនធានមច្ឆាជាតិ សម្បូរឡើងវិញ ៕

ដកស្រង់ពី៖ កោះសន្តិភាព