បណ្តាញសង្គម

ចោរលួចគោ ៣នាក់ អស់លក្ខណ៍ ជាប់អន្ទាក់​សមត្ថកិច្ច

កម្លាំងនគរបាលស្រុកកំពង់ស្វាយ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានពួនស្ទាក់ បង្ក្រាបករណីចោរកម្មលួចគោប្រជាពលរដ្ឋចំនួន ០៣ក្បាល នៅចំណុចត្រពាំងសាឃាយ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នុងកិច្ចសហប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ កាលពីវេលាម៉ោង ១៩ និង ១៥នាទី យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមានៈ ទី១.ឈ្មោះ សាត ងួន ហៅរ៉យ ភេទប្រុស អាយុ ៦២ឆ្នាំ មានទីលំនៅភូមិធ្លក ឃុំចំណាលើ ស្រុកស្ទោង ទី២.ឈ្មោះ យាន ម៉ៃ ភេទប្រុស អាយុ ៤១ឆ្នាំ ទីលំនៅភូមិស្រង់ ឃុំចំណាលើ ស្រុកស្ទោង និងទី៣.ឈ្មោះ ម៉ន ម៉ត់ ភេទប្រុស អាយុ ៤៩ឆ្នាំ ទីលំនៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ វត្ថុតាងដែលដកហូតបាន មានគោញី ចំនួន ០៣ ក្បាល និងម៉ូតូ ០១គ្រឿង ដែលជាមធ្យោបាយជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើស។ ជនសង្ស័យទាំង ៣ នាក់ ត្រូវបានហើយសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព