បណ្តាញសង្គម

គេចខ្លួន​ត្រឹម​២១​ម៉ោង តែ​ត្រូវ​ចប់​ត្រឹម​ម្ចាស់​តាម​រក​ឃើញ​ទាន់ តែ​បាត់​ស្លាក​លេខ

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច រួចក៏ជិះរត់គេចខ្លួនអស់រយៈពេល២១ម៉ោង ក៏ត្រូវបានម្ចាស់ម៉ូតូតាមរកឃើញ ហើយក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបបឹងកក់ តាមបណ្ដោយផ្លូវ២៧៣(ទំនប់៧០) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះ ដេវីត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ សំ ផារិទ្ធិ អាយុ៣០ឆ្នាំ មុខរបរលក់ដូរឥវ៉ាន់ចាប់ហួយ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បើតាមសម្តីពីបុរសជាជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ជនសង្ស័យខាងលើបានទៅអង្គុយផឹកភេសជ្ជៈនៅតូបចាប់ហួយរបស់ជនរងគ្រោះនៅត្រង់ចំណុចទល់មុខហាងនំប៉័ងបាយ័ន តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ជនរងគ្រោះបន្តថា បន្ទាប់ពីជនសង្ស័យអង្គុយផឹកភេសជ្ជៈអស់រយៈពេលជិតមួយម៉ោង ស្របពេលដែលជនរងគ្រោះកំពុងតែរវល់រៀបចំអីវ៉ាន់លក់ដូរ ស្រាប់តែជនសង្ស័យបានលួចយកសោម៉ូតូដែលជនរងគ្រោះបានដាក់ទុកនៅក្បែរទូរដាក់បារីនៅខាងមុខតូប ហើយក៏បានយកទៅចាក់បញ្ឆេះម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IQ-1273 ដែលជនរងគ្រោះចតនៅខាងមុខតូប លួចជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

ជនរងគ្រោះបន្តថា បន្ទាប់មកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការអន្តរាគមន៍។ លុះដល់វេលាកើតហេតុ ក៏មានអ្នកស្គាល់គ្នាបានទំនាក់ទំនងប្រាប់ជនរងគ្រោះថា បានប្រទះឃើញជនសង្ស័យ ។ ក្រោយពីទទួលបានដំណឹងភ្លាម ជនរងគ្រោះក៏មកអង្គុយចាំមើលជនសង្ស័យនៅត្រង់ចំណុចកើតហេតុ ហើយក៏ប្រទះឃើញជនសង្ស័យកំពុងតែជិះម៉ូតូដែលលួចបាននោះ ។ជនរងគ្រោះបន្តទៀតថា គ្រាន់តែឃើញជនសង្ស័យភ្លាម ជនរងគ្រោះក៏បានចាប់ខ្លួនជនសង្ស័យប្រគល់ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗតែម្ដង។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកធ្វើការអន្តរាគមន៍ និងធ្វើការដកហូតម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះ តែត្រូវជនសង្ស័យគាស់ស្លាកលេខចេញបាត់ទៅហើយ។ ក្រោយពេលកើតហេតុ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នរគបាលរដ្ឋបាលស្រះចក ប្រគល់បន្តទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយ ដើម្បីនាំយកទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព