បណ្តាញសង្គម

ចាប់​បានជា​បន្តបន្ទាប់​មួយ​សម្បុក​! មុខសញ្ញា​ធ្វើ​សកម្ម​ភាព​ដាក់​អ្នកដំណើរ​ពេល​យប់

ក្រុមចោរដែលតែងតែធ្វើសកម្មភាពជិះម៉ូតូតាមស្ទាក់វា.យប្លន់ម៉ូតូអ្នកដំណើរនៅពេលយប់ ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំរោងទង បង្ក្រាបបានមួយសម្បុក ហើយកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់។

បើតាមប្រភពពីមន្ត្រីនគរបាលស្រុកសំរោងទង បានអោយដឹងថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៤និង២០នាទីល្ងាច មានឈ្មោះឡេវ ឆាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដូនទ្រីទី១ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1P.8969 ចេញពីធ្វើការរោងចក្រក្រដាសវ៉ាយស្តារ ( វេនយប់ ) ខាងកើតផ្សារថ្នល់ទទឹង តាមផ្លូវលេខ៤១ ទិសដៅពីជើងទៅត្បូង លុះពេលជិះដល់ចំណុចផ្លូវចូលភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ស្រាប់តែមានជនមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណចំនួន៦នាក់ ជិះម៉ូតូ៣គ្រឿង (ម៉ាកហុងដា ពណ៌ខ្មៅ ចំនួន២គ្រឿង និងក្រហម១គ្រឿង) ដេញតាមពីក្រោយ ។ប្រភពដដែលបន្តថា នៅពេលនោះ ជនរងគ្រោះបានព្យាយាមបើកម៉ូតូគេច រហូតមកដល់ផ្លូវ១៣០ ត្រង់ចំណុចខ្លោងទ្វារចូលវត្តអង្គស្រង៉ែ ស្ថិតនៅភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ក្រុមជនសង្ស័យខាងលើ ក៏បានជិះម៉ូតូកាក់ពីមុខ និងធាក់ម៉ូតូជនរងគ្រោះអោយដួល បន្ទាប់មកយកដំបងវា.យជនរងគ្រោះ បណ្តាលឱ្យបែកមួកសុវត្ថិភាព រួចលើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនទៅទិសខាងកើតបាត់ស្រមោលតែម្តង។

ប្រភពដដែលបន្តថា លុះព្រឹកឡើងនៅវេលាម៉ោង៧.០០នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងគ្រើល រហូតដល់នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៣និង៣០នាទីរសៀល កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ គឺ១- ឈ្មោះអ៊ឹម ឧត្តម ហៅដំ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ២- ឈ្មោះ សុធា ផានុ ហៅស៊ុ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ប្រភពដដែលបន្តទៀតថា ក្រោយពេលសាកសួរ ជនសង្ស័យទាំង២នាក់នេះ បានឆ្លើយសារភាពថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៤និង៣០នាទីព្រឹក បានធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ មិនចាំផ្លាកលេខ នៅចំណុចតាមផ្លូវខាងលិចផ្សារអង្គមេត្រី ជាមួយបក្សពួក២នាក់ទៀត គឺ១- ឈ្មោះ ហ៊ុយ ភេទប្រុស អាយុ២២ឆ្នាំ (នៅម្ដុំថ្នល់ទទឹង) គេចខ្លួនបាត់ ២- ឈ្មោះ ចំណាត់ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃរការ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) ។ក្រោយមក សមត្ថកិច្ចខាងកំបូល ក៏បានប្រគល់ខ្លួនសង្ស័យ ឈ្មោះសុធា ផានុ ហៅស៊ុ ឱ្យមកសមត្ថកិច្ចស្រុកសំរោងទង ចាត់ការបន្ត បន្ទាប់មកទៀតនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលស្រុកសំរោងទង ក៏បានឃាត់ខ្លួនឈ្មោះ ហៃ ហ៊ុយ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នៅចំណុចផ្ទះសំណាក់យីហោ «បុប្ផា ចុងបឹង» ស្ថិតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ដែលជាអ្នកយកម៉ូតូមកលក់ឱ្យឈ្មោះ ពេជ្រ វណ្ណា ហៅជុច ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយពែលឃាត់ខ្លួនជនសង្ស័យរូបនេះ និងបានចម្លើយសារភាព រួចមកសមត្ថកិច្ចនគរបាលស្រុកសំរោងទង ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯកឃុត សុផលអធិការនគរបាលស្រុក បានបន្តឃាត់ឈ្មោះ ធី ពុទ្ឋា ហៅពុធ ភេទប្រុស អាយុ៣៣ឆ្នាំម្នាក់ទៀត រស់នៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ដែលជាអ្នកជូនឈ្មោះ ហៃ ហ៊ុយ យកម៉ូតូមកលក់ឱ្យឈ្មោះ ពេជ្រ វណ្ណា ហៅជុច ។ហើយសមត្ថកិច្ចក៏បានបើកការស៊ើបអង្កេតរហូតឈានទៅធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ពេជ្រ វណ្ណា ហៅជុច ដោយដកហូតបានសម្ភារៈវត្ថុតាង ផ្លាកលេខម៉ូតូ២សន្លឹក (កំពង់ស្ពឺ 1A2820 ; ភ្នំពេញ 1Q2401), ម៉ូទ័រឆាប១, ម៉ូទ័រស្វាន១, ក្បាំងម៉ូតូ៤គូរ, ផ្លាកក១, បំពង់ស៊ីមាំង២, សោរអក្សT ចំនួន៥, ទុល័រវីស៥ និងកូនសោរមួយចំនួនទៀត។មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បានប្រាប់ផងដែរថា ក្នុងការបង្ក្រាបក្រុមមុខសញ្ញាសង្ស័យខាងលើ សមត្ថកិច្ចក៏បានឃាត់មនុស្ស៤នាក់ ប្រុសទាំងអស់ និងដកហូតម៉ូតូ២គ្រឿង និងម៉ូតូជនរងគ្រោ១គ្រឿង។ ក្រោយមកក៏បានកសាងសំណុំរឿងរួចរាល់ សមត្ថកិច្ចបានប្រគល់ម៉ូតូទៅអោយជនរងគ្រោះវិញ និងបានកសាងសំណុំរឿងបញ្ជូនការិយាយព្រហ្មទណ្ឌកំរឹតធ្ងន់ ដើម្បីចាត់ការបន្ត៕

ដកស្រង់ពី៖ កោះសន្តិភាព