បណ្តាញសង្គម

មុនចូលឆ្នាំ កងកម្លាំងចម្រុះ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀ.នគ្រឿង ចែករំលែក

កម្លាំងចម្រុះ បានដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនគ្រឿងស្រវឹង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលអនុវត្តនៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវ ៧មករា ក្រុងសិរីសោភ័ណ។

លោកវរៈសេនីយ៍ត្រី លន់ វ៉ា អធិការរងនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងវិធានការលោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ហើយកម្លាំងនគរបាលជំនាញបានសហការជាមួយប្រជាការពារភូមិប្រមាណជាង ២០នាក់ បានដាក់គោលដៅពិនិត្យរកអាវុធជាតិផ្ទុះ និងគ្រឿងញៀន ជាតិអាកុល ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២២នេះ។ លោកបានបញ្ជាក់ថា កន្លងមក មានក្រុមបងតូចបងធំ បានធ្វើសកម្មភាពកាប់ចាក់គ្នា បានកើតឡើង ហើយត្រូវបានកម្លាំងជំនាញបង្ក្រាបបានជាញឹកញាប់ ដែលក្រុមនេះ បង្កអសន្តិសុខក្នុងមូលដ្ឋាន ទើបកងកម្លាំងចម្រុះ ដាក់គោលដៅត្រួតពិនិត្យ នាពេលនេះ។

លោកវរៈសេនីយ៍ត្រី លន់ វ៉ា បានបញ្ជាក់ថា នៅពេលកងកម្លាំងសមត្ថកិច្ច ដាក់គោលដៅត្រួតពិនិត្យរកអាវុធជាតិផ្ទុះ និងគ្រឿងញៀន ជាតិអាកុលនេះ ឃើញមានបងប្អូនមួយចំនួនធំ បានចូលរួមអោយត្រួតពិនិត្យ តែមានមួយចំនួនតូច ភាគច្រើនជាសមត្ថកិច្ច មិនបានចូលរួមទេ ហើយថែមទាំងប្រើពាក្យសំដីថា នៅពេលពិនិត្យនោះ គឺប៉ះពាល់កិត្តិយសអស់លោកថែមទៀត។ យ៉ាងណាក៏ដោយ លោកវរៈសេនីយ៍ត្រី លន់ វ៉ា បានបន្ថែមថា កងកម្លាំងចម្រុះ មានការអត់ធ្មត់ដោយមិនតបតឡើយ ហើយកងកម្លាំង ខិតខំធ្វើការទាំងយប់ និងទាំងថ្ងៃ ដើម្បីប្រជាពលរដ្ឋមានសន្តិសុខល្អ ភូមិ.ឃុំមានសុវត្ថិភាព ជាពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី មានសុខសុវត្ថិភាពទាំងអស់គ្នា៕

ដកស្រង់ពី៖ គោះសន្តិភាព