បណ្តាញសង្គម

អ្នកនាំពាក្យ​បំភ្លឺ​ថា អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល រុញច្រាន​សមត្ថកិច្ច​ជា​ស្ត្រី​ម្នាក់របួស​ក្បាល ស្មា និង​ខ្នង

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺថា កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីបង្កហេតុ ដោយក្រុមបាតុករខុសច្បាប់ អតីតបុគ្គលិកណាហ្គាវើល បានរុញច្រានមកលើសមត្ថកិច្ច នៅពេលដែលសមត្ថកិច្ចកំពុងធ្វើការសម្របសម្រួល ហៅឲ្យឡើងរថយន្ត បែរជាក្រុមបាតុករនោះមិនព្រមស្តាប់ការណែនាំ ថែមទាំងបង្កអំពើហិង្សា មកលើសមត្ថកិច្ចជាស្ត្រី បណ្តាលឲ្យរបួសត្រូវក្បាល ស្មានិងខ្នង ។

នៅវេលាម៉ោង១១និង១០ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង ទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងការងារយេនឌ័រ តំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន ១លានរៀល ដែលជាថវិការបស់លោកស្នងការផ្ទាល់ ចុះសួរសុខទុក្ខ លោកស្រីវរសេនីយ៍ទោ ខុន សម្បត្តិ នាយរងការិយាល័យ ផ្សព្វផ្សាយអប់រំ ដែលត្រូវបានក្រុមបាតុករខុសច្បាប់ អតីតបុគ្គលិកណាហ្គាវើល រុញច្រានអិបនឹងរថយន្ត រហូតដួលទៅលើដី បណ្ដាលឲ្យសន្លប់ និងរងរបួស កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង ១៤:៤០នាទី ៕

ដកស្រង់ពី៖ កោះសន្តិភាព