បណ្តាញសង្គម

លួច​ផ្លោះ​របង​ចូល​ក្នុង​សាលា​ភាសា​បារាំង ផ្អើល​អស់​សន្តិសុខ​ទាំង​យប់

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនជាតិស្បែកខ្មៅម្នាក់បានលួចផ្លោះរបងចូលទៅក្នុងសាលាភាសាបារាំង ដើម្បីប៉ុនប៉ងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ តែត្រូវសន្តិសុខឃាត់ខ្លួនទាន់ប្រគល់អោយសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅមុខសាលាភាសាបារាំង ក្រោយស្ថានទូតអាមេរិក ផ្លូវ១០២ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជាជនជាតិស្បែកខ្មៅ ។បើប្រភពពីសន្តិសុខយាមសុវត្ថិភាពនៅម្តុំកន្លែងកើតហេតុ បានអោយដឹងថា សាលាខាងលើនេះ គឺមិនអនុញ្ញាតឲ្យមានមនុស្សចេញចូលពេលយប់ឡើយ សូម្បីតែបុគ្គលិក ។ ហើយមុនកើតហេតុ ខណៈពេលពួកគាត់កំពុងតែល្បាតមើលជុំវិញសាលា ក៏ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ បានផ្លោះរបងចូលទៅខាងក្នុងសាលាធ្វើសកម្មភាព ប៉ុនប៉ងលួចទ្រព្យសម្បត្តិសាលា ។ ដោយឃើញដូច្នោះ កម្លាំងសន្តិសុខក្រុមហ៊ុនឯកជន ក៏បានធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យខាងលើមិននិយាយស្តីអ្វីទាំងអស់ ។បច្ចុប្បន្ន ជនសង្ស័យដែលជាជនបរទេសខាងលើ ត្រូវបានសន្តិសុខសាលា ចាប់ប្រគល់ទៅឱ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព