បណ្តាញសង្គម

នារី​និស្សិត​ច្បាប់​ម្នាក់​បាន​ត្រឹម​យំ​ផ្អើល​ពលរដ្ឋ ក្រោយ​មនុស្ស​១​ក្រុម​ធ្វើ​សកម្មភាព​បន្តបន្ទាប់

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីជានិស្សិតច្បាប់ម្នាក់ បានជិះម៉ូតូមួយគ្រឿងចេញពីសាលារៀន ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នាងយកទៅបាត់ដោយសុវត្ថិភាព ចំណែកនារីរងគ្រោះភ័យពេកមិនដឹងធ្វើអ្វី បានត្រឹមតែយំ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើមានឈ្មោះ នឿន សៀងលី ភេទស្រី អាយុ២១ឆ្នាំ ជានិស្សិតច្បាប់ ស្នាក់នៅបន្ទប់ជួលម្តុំផ្លូវដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នឹងមានស្រុកកំណើតនៅភូមិទន្លេជ្រៃ ឃុំកញ្ចង់ ស្រុកពារាំង ខេត្តព្រៃវែង ។ ចំណែកសម្ភារៈដែលបាត់បង់ក្នុងកាបូបនោះ រួមមាន ៖ លុយខ្មែរ២១ម៉ឺនរៀល លុយដុល្លារ២០០ដុល្លារ កាតគ្រីម៉ូតូ១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក កាត់ ATM ១សន្លឹក ព្រមទាំងឯកសារមួយចំនួនថែមទៀត ។

បើតាមការរៀបរាប់របស់នារីរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ចេញពីសាលាច្បាប់នៅម្តុំបឹងត្របែក ហើយក្នុងគោលបំណងត្រឡប់ទៅបន្ទប់ជួលវិញនៅម្ដុំផ្សារដីថ្មី ស្ថិតក្នុងខណ្ឌមានជ័យ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក្រោយស្ពានអាកាសស្ទឹងមានជ័យ ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង មិនចាំម៉ាក បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់នាង ដែលទុកនៅលើចង្អើរម៉ូតូខាងមុខ បានសម្រេច ភ្លាមៗនោះក៏មានបក្សពួកផ្សេងទៀតបានមកធ្វើសកម្មភាពដកយកកូនសោម៉ូតូរបស់នាងចេញទៀត បន្ទាប់ក្រុមជនសង្ស័យក៏បានបន្ថែមល្បឿនម៉ូតូជិះរត់គេចខ្លួនឆ្ពោះទៅផ្សារស្ទឹងមានជ័យ បាត់ស្រមោលអស់តែម្ដងទៅ។

ជនរងគ្រោះក៏បានបន្តទៀតថា ពេលនោះដែរ រូបនាងមានអារម្មណ៍ភិតភ័យ ធ្វើអីមិនចេញឡើយ បានត្រឹមតែយំ ហើយក៏បានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ជួយយកអាសា និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន អោយមកកន្លែងកើតហេតុតែប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុ បន្តិចក្រោយមកទើបឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ សួរនាំជនរងគ្រោះពីដំណើររឿង រួចហើយក៏បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព