បណ្តាញសង្គម

មួយករណីទៀត! ផ្លូវល្បឿនលឿន នៅស្រុក​កំពង់សិលា ខេត្តព្រះសីហនុ គ្រោះថ្នាក់​ចរាចរណ៍រវាង​ម៉ូតូ និងឡាន​

កាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ចន្លោះគីឡូម៉ែត្រ១១៧-១១៨ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងឡាន និងម៉ូតូនៅលើផ្លូវល្បឿនលឿន។

សមត្ថកិច្ច ឱ្យដឹងថា រថយន្ត Prius ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-0877 អ្នកបើកបរឈ្មោះ ថំ ភារៈ ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសាលាកំរើក ឃុំសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បុកប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាក Dream C125 ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-0564 អ្នកបើកបរឈ្មោះ ម៉ន ម៉េត ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ហេតុការណ៍នេះ បណ្ដាលឱ្យភាគីខាងម៉ូតូ រងរបួសធ្ងន់ បាក់ប្រអប់ជើងខាងស្ដាំ ហើយត្រូវបានរថយន្តសង្រ្គោះមណ្ឌលសុខភាពស្រុកកំពង់សិលា ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ក៏កើតមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បុកប៉ះគ្នា កាលពីវេលាថ្ងៃត្រង់ នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូ១៣៤-១៣៥ ក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ហេតុការណ៍នោះ បណ្តាលឱ្យមនុស្សចំនួន ៣នាក់រងរបួស។ មកដល់ពេលនេះ ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ បានស្ថាបនារួចរាល់ហើយ តែមិនទាន់បើកសម្ពោធដាក់ឱ្យប្រើប្រាស់នៅឡើយទេ៕

ដកស្រង់ពី៖ កោះសន្តិភាព