បណ្តាញសង្គម

ថៅកែ​ផាប់យីហោ​«​អ៊ិ​ច​» ​ស្នេហា​លួចលាក់​ជាមួយ​បុគ្គលិក​ស្រី ត្រូវ​ប្រពន្ធ​តាម​ទាន់

បុរសជាថៅកែ ផាប់ យីហោ«អ៊ិច» ត្រូវបានប្រពន្ធតាមទាន់ និងចោទប្រកាន់ថា លួចទំនាក់ទំនងស្នេហាជាមួយនារី ជាបុគ្គលិក រហូតឈានដល់ហិង្សាវាយតប់គ្នា ហើយមិត្តភក្ដិរបស់ស្ត្រីរងគ្រោះ ២នាក់ ចូលទៅជួយ ក៏ត្រូវថៅកែផាប់ វាយទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងផាប់ យីហោ អ៊ិច ផ្លូវ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

យ៉ាងណា អ្នកសារព័ត៌មាន មិនទាន់បានស្គាល់អត្តសញ្ញាណ ០២នាក់ប្តីប្រពន្ធជាថៅកែ នៅឡើយទេ ។ យោងតាមប្រភពពីស្ត្រីជាប្រពន្ធ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ រូបគាត់បានតាមទាន់ប្តីរបស់ខ្លួន ជាថៅកែ បានលួចទាក់ទងនឹងបុគ្គលិកស្រី ជាកូនឈ្នួលនៅក្នុងបន្ទប់ជួលស្នាក់នៅរបស់ពួកនាង ពេលដែរតាមទាន់ប្តីរបស់គាត់ បានបដិសេធ និងឆ្លើយថា ជាទំនាក់ទំនងធម្មតា និងបានគេចចេញពីបន្ទប់ជួល មកសំងំនៅហាង ហើយរូបគាត់(ប្រពន្ធ) ក៏មិនបានរករឿងឈ្លោះជាមួយនារី ជាកូនឈ្នួលនោះទេ ។ ប្រភពដដែល បានបន្តទៀតថា នៅយប់កើតហេតុ ស្ត្រីរងគ្រោះ បានពឹងពាក់មិត្តភក្ដិ អោយជូនគាត់ ទៅរកប្តីដល់ផាប់យីហោ អ៊ិច ដើម្បីសួរនាំប្តីអោយបានច្បាស់ មូលហេតុអ្វីទើបក្បត់ចិត្តគាត់ ដែលកំពុងតែមានផ្ទៃពោះ ហើយលួចទាក់ទងជាមួយកូនឈ្នួលទៅវិញ ។

ពេលសួរដេញដោល ក៏កើតជាជម្លោះ រហូតដល់បុរសជាប្តី បានប្រើហិង្សាវាយប្រតាយប្រតប់គ្នាពេញហាង ។ ឃើញដូច្នោះ មិត្តភក្តិគាត់ បានដកទូរសព្ទថតសកម្មភាព និងចូលទៅជួយ ក៏ត្រូវបុរសជាថៅកែរហាង នោះបានវាយទាំងមិត្តភក្ដិ និងចាប់ទូរសព្ទបោកកម្ទេចចោលទៀតផង ។ លុះឃើញគេវាយប្រពន្ធ បុរសជាប្តី របស់មិត្តភក្ដិស្ត្រីរងគ្រោះ បានចូលទៅជួយ កើតជាហិង្សាដេញវាយគ្នាផ្អើលពេញហាង តែមិនបង្កឲ្យភាគីខាងណារងរបួសធ្ងន់ទេ ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ខ្លួនបុរសទាំងពីរនាក់នោះ នាំទៅកាន់អធិកាដ្ធានខណ្ឌជ្រោយចង្វារ សាកសួរនាំ និងដោះស្រាយដោយសន្តិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព