បណ្តាញសង្គម

ស្ត្រី​មេម៉ាយ​ម្នាក់ ប្តឹង​អតីត​ប្តី និង​អ្នក​ជិតខាង​៣​នាក់ ទៅ​តុលាការខេត្ត​ប៉ៃលិន

រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ អយ្យការអមសាលាដំបូង ខេត្តប៉ៃលិន បានកោះហៅបុរសម្នាក់ ជាអតីតប្តី ស្ត្រីមេម៉ាយម្នាក់ រួមជាមួយនឹងស្ត្រីអ្នកភូមិ ចំនួន០៣នាក់ផ្សេងទៀត ទៅកាន់សាលាដំបូងខេត្តប៉ៃលិន បន្ទាប់ពីស្ត្រីរូបនោះ បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិន ដោយចោទប្រកាន់ពាក់ព័ន្ធទៅនឹងបទល្មើសធ្វើឲ្យខូចខាតដោយចេតនា ជេរប្រមាថដោយចេតនា និងហិង្សាដោយចេតនា ខណៈបុរសជាប្តី ព្រមទាំងអ្នកជិតខាងក្នុងភូមិ បានឆ្លើយបំភ្លឺថា មិនដូចអ្វីដែលគាត់ប្តឹងចោទប្រកាន់នៅក្នុងពាក្យបណ្តឹងនោះទេ លុះបន្ទាប់ពីខាងតុលាការសួរនាំម្នាក់ម្តងៗ រហូតដល់ម៉ោង៣រសៀលថ្ងៃដដែល ក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ។

បើតាមពាក្យបណ្តឹងរបស់ស្ត្រីមេម៉ាយម្នាក់ ឈ្មោះ ទូច សុខឃឿន អាយុ៥៦ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឲ្យដឹងថា ៖ គាត់សុំប្តឹងរួមមាន ៖

ទី១. ឈ្មោះ នួន គឹមឈាន ភេទប្រុស អាយុ៥៤ឆ្នាំ អតីតប្តី ពីបទ «ធ្វើឱ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅភូមិខាងលើ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។

ទី២. ឈ្មោះ សុខ ចាន់ឌី ភេទស្រី អាយុ២៤ឆ្នាំ

ទី៣. ឈ្មោះ សុខ ចាន់ធី ភេទស្រី អាយុ៣៤ឆ្នាំ

និងទី៤. ឈ្មោះ សុខ ស្រីម៉ៅ ភេទស្រី អាយុ៣១ឆ្នាំ ពីបទជេរប្រមាថជាសាធារណ: និងហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពបន្តទៀតថា កាលពីពេលថ្មីៗនេះ មានបុរសម្នាក់ ត្រូវជាអតីតប្តីរបស់គាត់ បានយកកាំបិតខ្វែវ ទៅកាប់បំផ្លាញ ដំណាំដើមទាប និងដើមខ្នុរ អស់ជាច្រើនដើម លុះក្រោយពីមានការឈ្លោះប្រកែកគ្នា ដោយសាររឿងកាប់ដើមឈើនេះ ស្រាប់តែមានអ្នកជិតខាងទាំងបីនាក់ខាងលើ បានចូលទៅកាត់ត្រួយស្អំ នៅក្នុងដីរបស់គាត់ដែរ ហើយក៏ជួយខាងបុរសជាអតីតប្តី ដោយជេរប្រមាថមើល ងាយទៅលើគាត់ ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការរស់នៅរបស់គាត់ ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងតែម្តង ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក នួន គឹមឈាន អតីតប្តីរបស់ស្ត្រីមេម៉ាយខាងលើ បានឱ្យដឹងថា ៖ គាត់មិនបានកាប់ដើមឈើហូបផ្លែនៅលើដីរបស់ស្ត្រីមេម៉ាយ ជាអតីតប្រពន្ធខ្លួនឡើយ គឺកាត់នៅលើដីរបស់ខ្លួន ដែលត្រូវបានចៅសង្កាត់អូរតាវ៉ៅ បែងចែកជូន បន្ទាប់ពីលែងលះគ្នា រួចមកប៉ុណ្ណោះ ។ លោកបន្តទៀតថា ចំពោះស្ត្រី០៣នាក់ នៅក្នុងភូមិខាងលើនេះ ក៏មិនបានទៅកាត់ត្រួយស្អំ នៅលើដីរបស់នាងដែរ គឺសុំកាត់ត្រួយស្អំនៅលើដីរបស់លោកដដែល ដោយសុំការអនុញ្ញាតត្រឹមត្រូវ ។ ពាក់ព័ន្ធនឹងបណ្តឹងនេះ លោក និងអ្នកជិតខាងទាំងអស់ខាងលើ ក៏បានចូលទៅបំភ្លឺ នៅក្នុងសាលាដំបូងខេត្តប៉ៃលិន រួចរាល់អស់ហើយដែរ ដោយអ្វីៗ នៅក្នុងពាក្យបណ្តឹងសុទ្ធតែជាការមួលបង្កាច់របស់ស្ត្រីខាងលើនោះប៉ុណ្ណោះ ហើយលោក នឹងសម្រេចចិត្តថា នៅថ្ងៃខាងមុខ នឹងឈប់រស់នៅក្បែរស្ត្រីរូបនេះទៀត ព្រោះមិនបានទទួលក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ។

លោកបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការលែងលះគ្នា អស់រយៈពេលមួយឆ្នាំកន្លងមក គឺដោយសារតែស្ត្រីខាងលើ តែងតែយកលុយកាក់ ដែលខ្លួនរកបានទៅលេងល្បែងកាស៊ីណូ ហើយក៏បង្ខំឲ្យលោកទៅចងការប្រាក់ពីមីក្រូហិរញ្ញវត្ថុ ដើម្បីយកប្រាក់ឲ្យគាត់ទៅលេងល្បែង លុះទ្រាំមិនបានក៏ស្តីបន្ទោស ទើបស្ត្រីរូបនេះខឹងសុំលែងលះ បែងចែកដីគ្នា ដោយគាត់សុខចិត្តទៅរស់នៅក្នុងខ្ទមតូចជាប់គ្នាខាងកើតស្ត្រីរូបនេះ ។ រីឯស្ត្រី ជាអតីតប្រពន្ធ ឲ្យរស់នៅលើផ្ទះថ្មធំ ខណៈបានគ្នាជាង៣០ឆ្នាំមកហើយ និងបង្កើតបានកូនស្ត្រីម្នាក់ កំពុងរស់នៅខេត្តផ្សេង ។ លោកពិតជាសុំខ្លាចស្ត្រីខាងលើមែន សូម្បីតែមេភូមិ ឬអ្នកជិតខាងជុំវិញភូមិ ក៏មិនហ៊ានទៅក្បែរស្ត្រីរូបនេះដែរ ព្រោះតែងតែជេរបញ្ឆិតបញ្ឆៀង ដាក់គេឯងគ្រប់ៗគ្នា ។

ចំណែកលោក ម៉ែន ឆន មេភូមិអូរខ្ទីង បានឱ្យដឹងដែរថា ៖ ប្តីប្រពន្ធ១គូនេះ បានចែកផ្លូវ គ្នាជាង១ឆ្នាំ ដោយមានលិខិតលែងលះចេញពីខាងសង្កាត់អូរតាវ៉ៅ មិនបានឡើងទៅដល់តុលាការនោះទេ ព្រោះអត់មានសំបុត្រអាពាហ៍ពិពាហ៍ ។ លោកបន្តទៀតថា រឿងហេតុកើតឡើង គឺដោយសារស្ត្រីជាប្រពន្ធទាំងអស់ ព្រោះប្តីស្លូតបូត មិនចេះមាត់កនោះទេ ខណៈប្តី ខិតខំប្រឹងប្រែងរកលុយកាក់ ឥតឈប់ឈរ រហូតដល់ទិញដីចម្ការ បានជាង២០ហិកតា ត្រូវប្រពន្ធបង្ខំឲ្យលក់អស់ រួចយកថវិកាទៅលេងល្បែងកាស៊ីណូ ចាញ់អស់គ្មានសល់ ហើយក៏ចេះតែឈ្លោះគ្នា ឥតឈប់ឈររហូតដល់ចំណុចចុងក្រោយតែម្តង ៕

ដកស្រង់ពី៖ កោះសន្តិភាព