បណ្តាញសង្គម

វី​ដេ​អូ​បង្ហាញ​សកម្មភាព​ជនសង្ស័យ​បំផ្ទុះ​រំសេវ​កែ​ច្នៃ ក្នុង​ក្រុង​សៀមរាប ឃាត់ខ្លួន​២​នាក់

ក្រោយទទួលសេចក្តីរាយការណ៍ថា មានករណីបំផ្ទុះគ្រាប់រំសេវ នៅលើផ្លូវបេតុងខាងកើតស្នាក់ការគណបក្សប្រជាជនកម្ពុជា ចម្ងាយប្រហែល ១៥ម៉ែត្រ ស្ថិតក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បើកការស៊ើបអង្កេត ស្រាវជ្រាវ និងសហការជាមួយអង្គភាពពាក់ព័ន្ធ លើករណីផ្ទុះគ្រាប់បែកច្នៃនេះ ។

ក្រោយធ្វើការស្រាវជ្រាវអស់រយៈពេល០៣ថ្ងៃ កម្លាំងអធិការក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ទើបនៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីបទល្មើសក្នុងវិស័យអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។ ជនសង្ស័យទាំង០២នាក់ ដែលសមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនរួមមាន ៖ ទី១. ឈ្មោះ សេង សុកន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើតនៅប្រទេសថៃ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ និងទី២. ឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើតនៅភូមិព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនសង្ស័យឈ្មោះ សេង សុកន បានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង ប្រាប់ខ្លួនថា មានគេវាយនៅសួនបឹងកាឡូ ហើយខ្លួនប្រាប់ទៅឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង វិញថាខ្លួនចេះផលិតរំសេវផ្ទុះ ពេលដែលនៅប្រទេសថៃ ។ បន្ទាប់មកឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង បានឲ្យលុយខ្លួនចំនួន ២៥,០០០រៀល ទៅទិញផាវគ្រាប់បាល់ យកមកផលិតជាគ្រឿងផ្ទុះ ពេលបានប្រាក់ហើយ ជនសង្ស័យ ក៏បានទៅទិញផាវគ្រាប់បាល់ ចំនួន៥០គ្រាប់ ហើយយកមកផលិតជាមួយនឹងឈ្មោះ រ៉ន ដារ៉ុង ហៅ ហ៊ីង ដោយយករំសេវផាវគ្រាប់បាល់ មកលាយជាមួយនឹងថ្មខ្មៅម៉ិច រួចដាក់ចូលក្នុងថង់ ហើយរុំស្គុតឲ្យណែន ហើយផលិតបានចំនួន ០៥គ្រាប់ ។ បន្ទាប់មក ឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង បានដឹកខ្លួនទៅកន្លែងកើតហេតុខាងលើ ដើម្បីប្រាប់ពីទីតាំងបោករំសេវកែច្នៃ ដែលអ្នកវាយគេនោះអង្គុយលេង ។

លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ សេង សុកន ក៏បានជិះម៉ូតូរបស់ខ្លួន ទៅកន្លែងកើតហេតុហើយធ្វើសកម្មភាពបោកគ្រាប់រំសេវកែច្នៃ បណ្តាលអោយផ្ទុះ រួចបើកម៉ូតូរត់គេចខ្លួន ដោយសកម្មភាពនេះខ្លួនធ្វើតែម្នាក់ឯង ។ រីឯជនសង្ស័យឈ្មោះ រាន់ ដារ៉ុង បានឆ្លើយសារភាពថា កាលវេលាម៉ោងប្រហែល០៨យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ រូបខ្លួននិងមិត្តភក្កិ បានជិះម៉ូតូទៅលេងសួនបឹងគីឡូ ក៏មានអ្នកជិះម៉ូតូមកជិតខ្លួន ហើយវាយខ្លួនមួយខ្សែក្រវ៉ាត់ចំខ្នង ហើយខ្លួនបានប្រាប់រឿងហេតុនេះទៅឈ្មោះ សេង សុកន ថាខ្លួនត្រូវបានគេវាយ ហើយឈ្មោះ សេង សុកន ក៏បានប្រាប់ខ្លួនថា ចេះធ្វើគ្រាប់រំសេវបំផ្ទុះ រួចខ្លួនក៏បានហុចលុយចំនួន ២៥,០០០រៀល ទៅឈ្មោះសេង សុកន ដើម្បីទិញផាវគ្រាប់បាល់ យកមកផលិតជាគ្រឿងផ្ទុះ ។

ក្រោយពីបានផលិតចំនួន ០៥គ្រាប់ហើយនោះ នៅថ្ងៃទី០២ ខែមិថុនាឆ្នាំ ២០២២ ខ្លួនបានជិះកាត់កន្លែងកើតហេតុ ក៏ឃើញមនុស្សប្រុស ដែលវាយខ្លួននៅសួនបឹងគីឡូ ហើយខ្លួនក៏បានទៅប្រាប់ឈ្មោះ សេង សុកន ហើយដឹកគ្នាមកមើលទីតាំង ដែលត្រូវបោកគ្រាប់រំសេវ ។ លុះដល់វេលាម៉ោងប្រហែល២០និង០០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ សេង សុកន ប្រាប់ខ្លួនថា រូបគេបានបោកគ្រាប់បែកនៅទីតាំង ដែលខ្លួនបានប្រាប់រួចហើយ ។ បន្ទាប់មកខ្លួនក៏បានយកគ្រាប់រំសេវកែច្នៃចំនួន ០៤គ្រាប់ដែលនៅសល់ យកមកហែកបោះចោលតាមផ្លូវ ។

តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចរកឃើញវត្ថុតាងមួយចំនួន និងដកហូតបានម៉ូតូ ជនសង្ស័យជិះធ្វើសកម្មភាពចំនួន០១គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត ។ ដើម្បីជាការលើកទឹកចិត្តដល់កម្លាំង លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានឲ្យលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត នាំយកថវិកាចំនួន ១លានរៀល ប្រគល់ជូនអធិការក្រុងសៀមរាប ៕

ដកស្រង់ពី៖ កោះសន្តិភាព