បណ្តាញសង្គម

បុរស​៥​នាក់​តាំងខ្លួន​ជា​ឧកញ៉ា មាន​អង្គ​អក្ស និង​អ្នក​បើករថយន្ត ឆបោក​អ្នក​ខេត្តសៀមរាប​ឲ្យ​ទិញ​ម៉ាស៊ីនភ្លើង

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋានក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ករណីឆបោក ដោយរៀបគម្រោង និងអះអាងខ្លួនថា ជាឯកឧត្តម ឬឧកញ៉ា នាំម៉ាស៊ីនភ្លើងមកលក់ កាលពីវេលាម៉ោង០១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។

មន្ត្រីនគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ រួមមាន ៖

ទី១. ឈ្មោះ សុះ សាលី ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែករាំង ឃុំព្រៃតាសេក ស្រុកមុខកំពូល ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ទី២. ឈ្មោះ មឿន សារ៉ាវី ហៅ សឿន សាវី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរយោធា ព្យួឈ្មោះនៅកងពលអន្តរាគមន៍លេខ២ ជើងគោក មានស្រុកកំណើតនៅភូមិកំពង់សំបូរ ឃុំសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ននៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ទី៣. ឈ្មោះ ទីន លី ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិព្រែកតាងួន ឃុំព្រែកតាងួន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅភូមិច្រាំងចំរះទី២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌអូរឫស្សី រាជធានីភ្នំពេញ ។

ទី៤. ឈ្មោះ ឈុន សុជា ហៅ ហ៊ុយ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកំណើតនៅភូមិស្តៅ ឃុំត្រែង ស្រុកវឌ្ឍនសង្គម ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល ។

ទី៥. ឈ្មោះ ស្មាន ស្មាអែល ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល ។ សមត្ថកិច្ច បានបន្តថា នៅវេលាម៉ោង១រសៀលថ្ងៃទី១១ មិថុនា មានករណីឆបោក (ដោយរៀបគម្រោង និងអះអាងខ្លួនថា ជាឯកឧត្តម ឬឧកញ៉ា នាំយកម៉ាស៊ីនភ្លើងមកលក់) នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប ដោយជនសង្ស័យមានគ្នា ០៥នាក់ ជិះរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-4179 បានចូលទៅផ្ទះជនរងគ្រោះឈ្មោះ រឹត សា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ហើយប្រាប់ជនរងគ្រោះថា ខ្លួនជាឯកឧត្តម មានម៉ាស៊ីនភ្លើងលក់ ដែលមិត្តភកក្តិឲ្យដោយតម្លៃដើម ១,២០០ដុល្លារ ហើយចង់លក់យកលុយទិញស្រាផឹក ។

សមត្ថកិច្ច បានបន្តទៀតថា ដោយប្រាប់ជនរងគ្រោះទៀតថា បើព្រមទិញ ពួកខ្លួនលក់តែតម្លៃ ៧០០ដុល្លារទេ ។ ពេលនោះជនរងគ្រោះមិនព្រមទិញ ក៏ធ្លាក់ថ្លៃ មកតម្លៃ៤០០ដុល្លារ ប៉ុន្តែជនរងគ្រោះនៅតែមិនទិញ ។ បន្ទាប់មក ក្រុមជនសង្ស័យបានលួងលោមជនរងគ្រោះ ដោយបក្ខពួកបាននាំជនរងគ្រោះ ទៅដកប្រាក់បានចំនួន ២៧០ដុល្លារ ខណៈពេលដែលនាំជនរងគ្រោះទៅយកប្រាក់នោះ ក្រុមជនសង្ស័យម្នាក់ទៀត បានប្រាប់ទៅប្អូនប្រុសជនរងគ្រោះថា (បងឯងខ្វះលុយ អោយថែមស្រាបៀចំនួន១៥កេះ) ហើយប្អូនជនរងគ្រោះ ក៏ជួយលើកស្រាបៀចំនួន១៥កេះដាក់រថយន្តជនសង្ស័យ ។

ក្រោយពីធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យបាននាំគ្នាបើករថយន្តគេចខ្លួនបាត់ ។ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចខេត្តសៀមរាបបានស្រាវជ្រាវ និងស្វែងរកជនសង្ស័យ និងរថយន្ត រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមជនសង្ស័យ បម្រុងធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ ដោយលក់ម៉ាស៊ីនភ្លើងទៀត នៅផ្សារកន្ត្រក ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ ស្របពេលក្រុមជនសង្ស័យដឹងខ្លួន បានបើករថយន្តគេចខ្លួន រហូតដល់ចំណុចខាងលិចរង្វង់ស្វាយធំ ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានទាំង ០៥នាក់នាំខ្លួនមកសួរនាំ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សុះ លី បានឆ្លើយសារភាពថា ខ្លួនបានប្រាប់បក្ខពួក អោយហៅខ្លួនថា ឯកឧត្តម ឬឧកញ៉ា ដើម្បីអោយការលក់ម៉ាស៊ីនភ្លើង មានភាពរលូន និងមានចាត់តាំងបក្ខពួកជាអង្គអក្សផងដែរ ហើយក្រុមខ្លួនបានឆបោកជនរងគ្រោះប្រាកដមែន រីឯប្រាក់ដែលពីការបោកប្រាស់លក់ម៉ាស៊ីនភ្លើងនោះ ខ្លួនជាអ្នកបែងចែកចំណែក ។ ចំណែកជនសង្ស័យឈ្មោះ មឿន សារ៉ាវី និងឈ្មោះ ឈុន សុជា ហៅហ៊ុយ បានឆ្លើយសារភាពថា ពួកខ្លួនត្រូវបានឈ្មោះ សុះ លី អោយធ្វើជាអង្គរក្ស ព្រមទាំងអោយពាក់ឯកសណ្ឋានយោធា និងហៅឈ្មោះ សុះ លី ថាឯកឧត្តម ឬឧកញ៉ា ក្នុងការលក់ម៉ាស៊ីនភ្លើងដាច់ ខ្លួនក៏ទទួលបានចំណែកផងដែរ ។

និងជនសង្ស័យឈ្មោះ ស្មាន ស្មាអែល បានឆ្លើយសារភាពដូចជនសង្ស័យឈ្មោះឈុន សុជា ហៅហ៊ុយ ផងដែរ ។ ចំពោះជនសង្ស័យឈ្មោះ ទីន លី បានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ សុះ លី នាំមករកស៊ីជាមួយដោយខ្លួន ជាអ្នកបើករថយន្ត ដើម្បីលក់ម៉ាស៊ីនភ្លើង និងចុះអមពេលឈ្មោះ សុះ លី ចុះទៅលក់ម៉ាស៊ីនភ្លើង ក្នុងការលក់ម៉ាស៊ីនភ្លើងដាច់ខ្លួនក៏ទទួលបានចំណែកផងដែរ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានរថយន្តចំនួន ០១គ្រឿង ម៉ាស៊ីនភ្លើងចំនួន ០១គ្រឿង និងម៉ាស៊ីនភ្លើងចំនួន ០១គ្រឿងទៀត ដែលជនសង្ស័យលក់អោយជនរងគ្រោះ ។ បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

ដកស្រង់ពី៖ កោះសន្តិភាព