បណ្តាញសង្គម

ធ្ម​ក់​បង្ក្រាប​ទីតាំង​ជល់​មាន់ និង​ល្បែង​អាប៉ោង​មួយ​កន្លែង​បើក​លេង​នៅ​ក្បែរ​ផ្ទះ​លោក​អភិបាល​​រាជធានី​ភ្នំពេញ

ទីតាំងសង្វៀនជល់មាន់ និងល្បែងអាប៉ោងដ៏ធំមួយកន្លែង ត្រូវបានលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ ដឹកនាំបញ្ជាកម្លាំងគណៈបញ្ជការឯកភាពខណ្ឌ ធ្មក់ចុះបង្ក្រាប ។

ប្រតិបត្តិការចុះឆ្មក់បង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅដីឡូ ផ្លូវ៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ លោក ឯក ឃុនដឿន អភិបាលខណ្ឌបានឲ្យដឹងថា ខណៈពេល កម្លាំងចុះទៅដល់ទីតាំងសង្វៀងជល់មាន់ខាងលើនេះ គឺឃើញមានក្រុមអ្នកលេងល្បែងជាច្រើននាក់ បានប្រមូលផ្តុំគ្នា កំពុងតែភ្នាល់មាន់ និងខ្លះទៀត បានចោមរោមភ្នាល់យ៉ាងច្រើនកុះករ ។

ភ្លាមៗនោះ ក្រុមអ្នកញៀនល្បែងបាននាំគ្នារត់គេចខ្លួន ចោលមាន់, ចោលចានអាប៉ោង និងម៉ូតូរបស់ខ្លួន ។ យ៉ាងណា កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស ៤នាក់ ។ វត្ថុតាងដែលចាប់ដកហូតបានក្នុងប្រតិបត្តិការនេះ រួមមាន ៖ សត្វមាន់ ចំនួន ១៦ក្បាល, រថយន្តចំនួន ២គ្រឿង, ម៉ូតូកង់បីឥណ្ឌាចំនួន ២គ្រឿង, ម៉ូតូចំនួន ៩គ្រឿង, សម្ភារបាញ់អាប៉ោងព្រមទាំងកៅអី និងទ្រុងមាន់មួយចំនួនទៀត ។ ក្រោយពេលបញ្ចប់ប្រតិបត្តិការទាំងមនុស្ស និងវត្ថុតាង ត្រូវបានកម្លាំងនាំយកទៅអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សូមជម្រាបថា សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែង ស្ថិតនៅផ្លូវ៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ មានអ្នកចូលលេងល្បែងជល់មាន់ និងអាប៉ោងយ៉ាងអាណាធិបតេយ្យ មិនដឹងថា លោកភារុន ដែលជាម្ចាស់ទីតាំងខាងលើនេះ មានខ្នងធំប៉ុណ្ណាទេ ទើបហ៊ានបើកសង្វៀនជល់មាន់ និងអាប៉ោងនៅក្បែរផ្ទះលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។

យោងតាមសម្តីប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បានខ្សឹបប្រាប់អ្នកសារព័ត៌មានថា ប៉ុន្មានខែមុន សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌកំរិតស្រាលក្រុង បានធ្វើការចុះបង្ក្រាបម្ដងរួចទៅហើយ ប៉ុន្តែមិនយូរប៉ុន្មាន ពួកគេចេញមកវិញ បើកសង្វៀនជល់មាន់ និងអាប៉ោង លេងសារជាថ្មី បានយ៉ាងរលូន ។ ប្រភពពីពលរដ្ឋដដែល បានប្រាប់បន្តថា ប្រហែលជាសង្វៀនជល់មាន់ និងអាប៉ោងរបស់លោកភារុន អាងខ្សែធំហើយមើលទៅ បានជាមិនខ្លាចសមត្ថកិច្ចបន្តិចសោះ ទើបហ៊ានបើកលេងសង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ និងបើកលេងជារៀងរាល់ថ្ងៃ នៅក្បែរផ្ទះរបស់លោកអភិបាលរាជធានីភ្នំពេញ ថែមទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព