បណ្តាញសង្គម

គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា បណ្ដាល​ឱ្យ​ស្លា.ប់ និងរបួសចំនួន ៣នាក់ នៅខេត្ត​ពោធិ៍សាត់

យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លា.ប់ និង ២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា ជាបន្តបន្ទាប់ ក្នុងខេត្តពោធិ៍សាត់ កាលពីចុងសប្តាហ៍កន្លងមកនេះ។

សមត្ថកិច្ច ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទីមួយ កើតឡើង នៅវេលាម៉ោង ៧យប់ ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២ នៅលើផ្លូវកៅស៊ូ ចំណុចអូទូក ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ហេតុការណ៍នោះ កើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F.4757 បើកបុកគោយន្តកន្ត្រៃពីក្រោយ ខណៈពេលធ្វើដំណើរស្របគ្នា ពីលិចទៅកើត បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់។ ជនរងគ្រោះ ឈ្មោះ ខ្វសាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាអ្នកបើកបរម៉ូតូ នៅក្នុងភូមិឈើទ័ព ឃុំឈើតុំស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកភាគីខាងគោយន្តកន្ត្រៃ បន្ទាប់ពីកើតហេតុភ្លាមៗ បានបើកគោយន្តគេចខ្លួនបាត់។

ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ទី២ កើតឡើង នៅវេលាម៉ោង ៤ និង ១៥នាទី រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥៤ និង ១៥៥ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ហេតុការណ៍គ្រោះថ្នាក់នោះ កើតឡើងដោយរថយន្តធុនធំ ម៉ាកអ៊ីណូ ពណ៌សខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3D.5877 ធ្វើចរាចរណ៍ ក្នុងទិសដៅពីកើតទៅលិច បុកម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE.4539 ជិះគ្នាពីរនាក់ ឆ្លងផ្លូវពីត្បូងទៅជើង បណ្ដាលអោយឈ្មោះ ជា ប៊ុនជិន ភេទប្រុស អាយុ 52 ឆ្នាំ រស់នៅក្នុងភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ បានស្លា.ប់ នៅពេលបញ្ជូនយកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់។ ចំណែកអ្នករួមដំណើរ ត្រូវជាកូនស្រី រងរបួសស្រាល។ ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តហ៊ីណូ បានរត់គេចខ្លួនបាត់ស្រមោល។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ទី២ នេះ សមត្ថកិច្ចលើកឡើងថា គឺដោយសាររថយន្តធំ បើកបរក្នុងល្បឿនលឿន ឯភាគីខាងម៉ូតូបើកបរឆ្លងផ្លូវមិនប្រយ័ត្ន៕

ដកស្រង់ពី៖ កោះសន្តិភាព