បណ្តាញសង្គម

អ្នក​រាប់អាន​គ្នា ឆបោក​អស់​ជាង​១​ម៉ឺន​ដុល្លារ ប្តឹង​ប៉ូលិស​សង្កាត់​ចោម​ចៅ​ទី​៣ ឲ្យចាប់​ខ្លួន

បុរសម្នាក់ ត្រូវជនរងគ្រោះប្តឹងមន្ត្រីនគរបាលសង្កាត់ចោមចៅទី៣ ឲ្យឃាត់ខ្លួនចាត់ការតាមច្បាប់ កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងករណីឆបោក លុយជាង១ម៉ឺនដុល្លារ រឿងរត់ការដោះលែងអ្នកកំពុងជាប់ពន្ធនាគារ និងរត់ការចូលធ្វើការក្នុងក្រុមហ៊ុនមួយ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឆេង ពិទូ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សព្វថ្ងៃស្នាក់នៅផ្ទះជួលនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះមានចំនួន០៤នាក់ រួមមាន ៖

ទី១-ឈ្មោះ ឈាន ផារី ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។

ទី២-ឈ្មោះ ឡុង រ៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដឹកជញ្ជូនអីវ៉ាន់ ។

ទី៣-ឈ្មោះ ទួន សាវឿន ភេទស្រី អាយុ២៨ឆ្នាំ ។

ទី៤-ឈ្មោះ បេង ប៊ុនឡុង ភេទប្រុស អាយុ២៣ឆ្នាំ ។

ជនរងគ្រោះទាំង៤នាក់ ត្រូវជាប្ដីប្រពន្ធ បងប្អូន និងប្អូនថ្លៃ មានទីលំនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត និងបច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ប្រភពសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឈាន ផារី និងជនសង្ស័យឈ្មោះ ឆេង ពិទូ គឺជាមនុស្សរាប់អានគ្នា ។ កាលពីក្នុងអំឡុងខែឧសភាកន្លងទៅ ស្ត្រីរងគ្រោះបានពឹងពាក់ឲ្យជនសង្ស័យ ឲ្យជួយរត់ការ ដើម្បីឱ្យដោះលែងប្ដីរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារ រយៈពេល២ឆ្នាំកន្លងមកហើយ ។ ពេលនោះជនសង្ស័យ បានទារថ្លៃសេវារត់ការ ដើម្បីដោះលែងប្ដីចំនួន ០៤ពាន់ដុល្លារ ហើយស្ត្រីរងគ្រោះ ក៏បានយល់ព្រមធ្វើយ៉ាងណាឲ្យតែប្ដីបានរួចខ្លួន ព្រោះនៅសល់មួយឆ្នាំទៀត ទើបប្ដីគាត់ចេញ ប៉ុន្តែគាត់ចង់ឲ្យប្ដីចេញពីគុកមុនកាលកំណត់ ។

ប្រភពដដែល បានឲ្យដឹងបន្តថា ក្រោយពីប្រគល់លុយរួច ជាច្រើនថ្ងៃទៅហើយ ប្ដីគាត់នៅតែមិនទាន់ចេញពីក្នុងពន្ធនាគារទេ ។ បន្ទាប់មកស្ត្រីរងគ្រោះ ក៏បានណែនាំឲ្យជនសង្ស័យ ស្គាល់ឈ្មោះ ឡុង រ៉ាឌី និងឈ្មោះ ទួន សាវឿន ដែលត្រូវជាប្អូនថ្លៃគាត់ទៀត ។ ពេលបានស្គាល់គ្នា ជនសង្ស័យអួតថា ខ្លួនស្គាល់ថៅកែក្រុមហ៊ុនមួយ ហើយក្រុមហ៊ុនកំពុងជ្រើសរើស រកអ្នកគ្រប់គ្រងបន្ទាប់ពីថៅកែ និងទទួលបានប្រាក់ខែខ្ពស់ ថែមទៀតផង ។ ក្រោយបានឮបែបនេះ ឈ្មោះ ឡុង រ៉ាឌី និងឈ្មោះ ទួន សាវឿន បានពឹងពាក់ឲ្យជនសង្ស័យរូបនេះ ជួយនាំចូលធ្វើការ ហើយជនសង្ស័យបានទារប្រាក់ថ្លៃរត់ការ ទាំងពីរនាក់ប្ដីប្រពន្ធ ចំនួន០៤ពាន់ដុល្លារ ។ ចំណែកឯ ឈ្មោះ បេង ប៊ុនឡុង ដែលត្រូវជាប្អូនរបស់ឈ្មោះឡុង រ៉ាឌី និងឈ្មោះ ទួន សាវឿន កំពុងអត់ការងារធ្វើផង ឮបែបនេះ ក៏បានពឹងឲ្យជននេះ ជួយរកការងារជាអ្នកបើកបររថយន្ត ដឹកឥវ៉ាន់ក្នុងក្រុមហ៊ុនដដែលនោះ ហើយជនសង្ស័យបានទារថ្លៃរត់ការ ចំនួន ៩០០ដុល្លារទៀត ។

សមត្ថកិច្ច បន្តទៀតថា បន្ទាប់ពីបានលុយហើយ ជនសង្ស័យបានខ្ចីម៉ូតូម៉ាកហុងដា ZOOMER-X ស៊េរីឆ្នាំ ២០១៧ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ស្វាយរៀង1J-3907 ពីស្ត្រីឈ្មោះ ទួន សាវឿន ថាយកទៅដើម្បីជិះរត់ការ ។ ពេលនោះជនរងគ្រោះ បានយល់ព្រមឲ្យខ្ចី ហើយជនសង្ស័យក៏បានជិះយកទៅបញ្ចាំ និងគេចខ្លួនបាត់តែម្ដង ។ លុះដល់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ទើបឃើញត្រឡប់ទៅជួបជនរងគ្រោះវិញ នៅចំណុចផ្ទះជួល ភូមិព្រៃព្រីង២ សង្កាត់ចោមចៅទី៣ ខណៈនោះជនសង្ស័យបានប្រាប់ថា រូបគេយកម៉ូតូផ្ញើទុកនៅផ្ទះមីង ហើយម្ដាយមីង ទៅខេត្តសៀមរាបបាត់ និងបានចាក់សោជាប់ យកម៉ូតូចេញមិនរួចទេ ។

ប្រភពដដែល បានបន្ថែមថា ក្រោយនិយាយចប់ ជនសង្ស័យ ក៏បានខ្ចីម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត 1R-4380 ព្រមទាំងអត្តសញ្ញាណប័ណ្ណមួយសន្លឹក ពីឈ្មោះ ឡុង រ៉ាឌី ដែលជាប្ដីទៀត ដោយប្រាប់ថា ជិះទៅបើកលុយប្រាក់ខែ ឲ្យព្រោះអ្នកទាំងអស់គ្នា ព្រោះបានចូលធ្វើការហើយ ត្រូវថៅកែប្រាក់ខែឲ្យមុន ។ ចំណែករឿងរត់ការដោះលែងប្ដី របស់ឈ្មោះ ឈាន ផារី ក៏បានជោគជ័យហើយដែរ និងត្រូវដោះលែងនៅថ្ងៃទី១៥ ខែមិថុនានេះហើយ ។

ពេលឮបែបនេះ ក្រុមជនរងគ្រោះ បានជឿជាក់ទាំងស្រុង រួចក៏បានឲ្យម៉ូតូ ទៅជននោះខ្ចីជិះ បន្ទាប់មក ជនសង្ស័យក៏បានយកម៉ូតូទៅបញ្ចាំបាត់ទៀត ។ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ទើបរកឃើញជនសង្ស័យ ហើយក្រុមជនរងគ្រោះបានលួងលោមឲ្យជនសង្ស័យដេកនៅផ្ទះជួលរបស់ខ្លួនមួយយប់ ។ លុះព្រឹកឡើងថ្ងៃទី១៥ ខែមិថុនា ទើបជនរងគ្រោះធ្វើដំណើរទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅទី៣ ឲ្យចុះទៅឃាត់ខ្លួន ជនឆបោករូបនេះ នាំទៅសាកសួរ និងចាត់ការតាមច្បាប់ តែម្ដង ៕

ដកស្រង់ពី៖ កោះសន្តិភាព