បណ្តាញសង្គម

ឃើញ​ស្តែង​នឹង​ភ្នែក​ពី​សកម្ម​ភាពបុរស​ម្នាក់ ជន​រង​គ្រោះ​ស្រែក​ផ្អើល​អ្នក​ជិតខាង​តាម​ចាប់

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូ តែមិនបានសម្រេច ហើយត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោផ្អើលអស់ប្រជាពលរដ្ឋនាំគ្នាដេញតាមស្ទាក់ឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ទៅអោយសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ សមត្ថកិច្ចមិនទាន់ប្រាប់ឈ្មោះនោះទេ ពីព្រោះត្រូវការស្រាវជ្រាវរកបក្សពួកបន្តទៀតសិន។ ចំណែកម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេចនោះ ម៉ាកសង់កូរ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BJ-8601 ជាម៉ូតូឆ្នៃ សម្រាប់ដឹកបន្លែយកទៅលក់។ បើតាមប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ម៉ូតូរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានយកម៉ូតូទៅទុកនៅកៀនរបងឃ្លាំង ទល់មុខនឹងផ្ទះរបស់គាត់ដូចសព្វដង រួចក៏ចូលទៅក្នុងផ្ទះ បន្ទាប់មកក៏ដើរចេញមកពីក្នុងផ្ទះវិញ ស្រាប់តែឃើញជនសង្ស័យកំពុងតែឡើងជិះលើម៉ូតូរបស់គាត់ ហើយខំប្រឹងធាក់ផង ចុចដេផង តែម៉ូតូវាមិនឆេះ ។

ជនរងគ្រោះបន្តថា ពេលនោះគាត់ក៏បានស្រែកថា «ចោរៗលួចម៉ូតូ» ធ្វើឲ្យជនសង្ស័យភ័យក៏បានចុះពីលើម៉ូតូ រួចរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋផ្អើលនាំគ្នាដេញតាមស្ទាក់ឃាត់ខ្លួនបានភ្លាមៗ ហើយនាំគ្នាវា.យមួយដៃមួយជើង និងចងស្លាបសេកដៃទៅក្រោយ ទើបប្រគល់ទៅអោយសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ២ ចំណែកម្ចាស់ម៉ូតូរងគ្រោះវិញ បានជិះម៉ូតូទៅដាក់ពាក្យបណ្ដឹងផងដែរ។ក្រោយពេលកើតហេតុ បន្ទាប់ពីខាងសមត្ថកិច្ចបានសួរនាំទៅជនសង្ស័យ ក៏បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការទៅនីតិវិធីបន្ត ចំណែកម៉ូតូសមត្ថកិច្ចក៏បានប្រគល់ទៅអោយម្ចាស់ដើមវិញផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព