បណ្តាញសង្គម

កម្លាំង​នគរបាល​ខេត្តកំពង់ធំ ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិ​សាស្ត្រ​ឃុំ​ផាត់​សណ្តាយ

ដោយសង្កេតឃើញបងប្អូន ប្រជានេសាទបឹងទន្លេសាប នៅតែបន្តនេសាទមិនឈប់ឈរ ពិសេសគឺប្រើប្រាស់ឧបករណ៍នេសាទ ដែលមានលក្ខណៈទ្រុងទ្រាយធំ ដូច្នេះក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅចំណុចរាំងជ្រុំ និងកន្លុកបាយក្អែក ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្រោយចុះបង្ក្រាបបទល្មើសបឹងទន្លេសាបដល់គោលដៅជាក់ស្ដែង ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង រួមមាន ៖ របាំងសាច់អួនក្រឡាញឹក ចំនួន០៣របាំង ប្រវែង៩០០ម៉ែត្រ របាំងស្បៃមុង ០៥របាំង ប្រវែង៥០០ម៉ែត្រ ឡុកចំនួន ១៦គ្រឿង លបលូ ចំនួន២០មាត់ បង្គោលចំនួន១,២០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន២០គីឡូក្រាមចូលទន្លេវិញ។ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលជួបប្រទះកន្លងមកនៅបឹងទន្លេសាប ក្នុងនោះ គឺបងប្អូនប្រជានេសាទមួយចំនួន នៅតែប្រព្រឹត្តមិនគោរពតាមគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល និងប្រើប្រាស់ឧបករណ៍នេសាទហួសដែនកំណត់ ។ ជាក់ស្ដែងខែ រដូវទឹកឡើង គឺជារដូវត្រីពង ចូលរួមទប់ស្កាត់ការពារកុំឲ្យបាត់បង់នូវធនធានធម្មជាតិជាពិសេសកុំឲ្យដាច់ពូជត្រី ដែលរស់នៅក្នុងបឹងទន្លេសា ៕

ដកស្រង់ពី៖ កោះសន្តិភាព