បណ្តាញសង្គម

កម្មករសំណង់ម្នាក់រងគ្រោះរបួសដោយដាច់ខ្សែដងសន្ទូចពេលរុះរើខ្មោចអាគារកាស៊ីណូនៅក្រុងប៉ោយប៉ែតកំពុងតែសង្រ្គោះ

បន្ទាយមានជ័យ: មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរក្រុងប៉ោយប៉ែត បានបំភ្លឺព័ត៌មាននៅថ្ងៃទី០៩ខែកុម្ភ:ថា កម្មករសំណង់ម្នាក់ដែលរងគ្រោះរបួសដោយរមៀលធ្លាក់ចុះ ព្រោះដាច់ខ្សែដងសន្ទូចក្នុងសកម្មភាពរុះរើខ្មោចអាគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ត្រូវបញ្ជូនទៅមន្ទីរពហុព្យាបាលឯកជន មិនបានទៅមន្ទីរពេទ្យរដ្ឋទេ តែទោះយ៉ាងណា ជនរងគ្រោះក៏បានធូរស្រាលដែរ ហើយឈ្មោះអ្នកជម្ងឺក៏ភ័ន្តច្រឡំឈ្មោះគ្នា និងក៏មិនបានស្លាប់ដែរ ។

 

នេះបើតាមលោកវេជ្ជបណ្ឌិត ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល.អភិបាលក្រុងប៉ោយប៉ែតប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី០៩ខែកុម្ភ:ឆ្នាំ២០២៣ ។

មន្ត្រីខាងលើបានប្រតិកម្មនឹងការផ្សាយខ្លះដែលថា កម្មកររងគ្រោះនោះ បានបញ្ជូនទៅសង្គ្រោះនិងពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ពេទ្យក្រុងនៅដីថ្មី)និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុន -មង្គលបូរី ហើយថាស្ថានភាពជម្ងឺធ្ងន់ធ្ងរ រហូតដល់ស្លាប់ ។

ការបំភ្លឺនេះ គឺក្រោយមានការច្រឡំឈ្មោះគ្នា គឺ មាន មោះវិត សូនី ឬ វ៉ិត សូនី ហៅឈុយអាយុ ៣៧ឆ្នាំ និង ឈ្មោះជីវ ភឿក ហៅឈួយ ភេទប្រុសអាយុ៥០ឆ្នាំប្លាយ រស់នៅភូមិក្បាលកោះសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

លោក អ៊ុន ឈិន មេការនៃការដ្ឋានរុះរើ សម្អាតសំណង់ឆេះនៃការស៊ីណូហ្គ្រែនដាយម៉ិននិងកាស៊ីណូប៉ោយប៉ែតរីសតប្រាប់រស្មីកម្ពុជានាព្រឹកថ្ងៃទី០៩ខែកុម្ភ: ថា : កម្មករទទួលផ្នែកបាញ់ទឹកដែលរងរបួសនោះមានឈ្មោះ មោះវិត សូនី ឬវ៉ិត សូនីហៅឈុយអាយុ ៣៧ឆ្នាំ ទីលំនៅភូមិអង្គត្រាវឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់ខេត្តតាកែវ ។

លោកបន្តថា : កម្មករនោះបានចូលរួមក្នុងពេលដំណើរការរុះរើសម្អាតប្រចាំថ្ងៃ ប៉ុន្តែកាលពីម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅការដ្ឋានរុះរើសំណង់ខ្មោចអាគារកាស៊ីណូហ្គ្រេនដាយមិនស៊ីធី ដែលឆេះកាលពីយប់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២ កម្មករនោះមិនព្រមចុះពីចំណុច១នៅជាន់ទី៣ ហើយជួនជាពេលនោះ ដងសន្ទូចនៃរថយន្តស្ទូចដែលកំពុងទប់ផ្ទាំងដែកអក្សរហាស(H) នៃអគារទ្រេត ដែលបានកាត់ផ្តាច់.វាបានដាច់ខ្សែ ក៏បង្កអោយផ្ទាំងដែកនោះធ្លាក់ចុះមកដី។

ដោយសភាពរង្គើពេលនោះ វាក៏បង្កអោយកម្មករឈ្មោះវ៉ិត សូនី របូតជំហរ ហើយរមៀលធ្លាក់ចុះពីជាន់ទី៣មកជាន់ទី២ បណ្តាលអោយទល់ផ្អក ហើយសន្លប់បាត់មាត់បាត់ក ។

លោកបន្តថា : ភ្លាមៗនោះ កម្មករឯទៀត បានទៅជួយសង្គ្រោះ ហើយបញ្ជូនទៅគ្លីនិកឯកជនមួយនៅប៉ោយប៉ែតដើម្បីពិនិត្យនិងស្កែនដោយមិនអស់ចិត្ត លោកក៏ដឹកកម្មករនោះទៅសង្គ្រោះ ព្យាបាលបន្តនៅមន្ទីរពហុព្យាបាលទេវិន្ទ រក្សាសុខនាក្រុងសិរីសោភ័ណ។

លោកអ៊ុន ឈិន ជាមេការបន្តថា : ក្រោយសង្គ្រោះ ព្យាបាល កម្មកររងគ្រោះនោះ បានវិលមកប្រក្រតីវិញគឺអាចនិយាយ ហូបចំណី បន្ទោរបង់ ដំណេកបាន គ្រាន់តែស្ថិតក្នុងស្ថានភាពជាអ្នកជម្ងឺរងរបួសនៅឡើយ ។

ចំណែកលោកវេជ្ជបណ្ឌិត គូស៊ុ ទេវិន្ទ អ្នកគ្រប់គ្រងមន្ទីរពហុព្យាបាលទេវិន្ទ រក្សាសុខនាក្រុងសិរីសោភ័ណបានឲ្យដឹង ថា : ឆ្លងកាត់ការសង្គ្រោះ ពិនិត្យ តាមដាននិងស្កែនអ្នកជម្ងឺឈ្មោះវ៉ិត សូនីហៅឈុយនេះ ចំនួន ៣លើក ជាលទ្ធផលឃើញថា ស្ថានភាពរងរបួសមិនធ្ងន់ធ្ងន់ទេ ។

លោកបន្តថា អ្នកជម្ងឺមិនបាក់ឆ្អឹង មិនប៉ះពាល់ផ្នែកខាងក្នុងនៃពោះ នៃដើមទ្រូង ..គឺមានតែប៉ះពាល់ខាងក្រៅនៃទ្រូងខាងឆ្វែង ,ភ្លៅខាងឆ្វេង ឬអាចថា មានគ្រាំខ្ទាំ ក្នុងកម្រឹតតិចប៉ុណ្ណោះ ។ ហើយស្ថានភាពនេះ អ្នកជម្ងឺអាចនឹងមិនសម្រាកព្យាបាលរយ:ពេលយូរទេ ។

ចំពោះការទល់ផ្អកនិងសន្លប់បាត់ស្មារតីពីគ្រោះថ្នាក់ភ្លាមៗ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា : អាចមកពីកម្រឹតប៉ះទង្គិចខ្លាំងពេលកំពុងគ្រោះថ្នាក់ ។

សូមរំលឹកថា អគារកាស៊ីណូ ហ្គ្រេន ដាយមិន (Grand Diamond City) និងកាស៊ីណូប៉ោយប៉ែតរីសត( Casino Poipet Resort) នៅប្លុកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ផ្លូវជាតិលេខ៥ នាភូមិប៉ោយប៉ែតនិងភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតត្រូវអគ្គីភ័យដែលបង្កពីទុស្សេខ្សែភ្លើងកាលពីម៉ោងជាង១១យប់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២ ដែលបង្កមហន្តរាយយ៉ាងធំធេង ។មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសង្គ្រោះ រុករកកម្ពុជា និងថៃបានបិទបញ្ចប់ប្រតិបត្តិការរុករកសពកាលពីល្ងាចថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២កន្លងមក ដោយបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ។

ដកស្រង់ពី៖រស្មីកម្ពុជា