បណ្តាញសង្គម

អគ្គីភ័យ​បាន​នឹង​កំពុង​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​​ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ: នៅពីម៉ោងជិត៧ ដល់ម៉ោងជិត៨ព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ នេះអគ្គីភ័យបាននឹងកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅលើផ្ទះពលរដ្ឋជាប់ៗគ្នានៅផ្លូវជាតិលេខ៥ ខាងត្បូង ឬម្ខាងផ្លូវទល់មុខធនាគារអេស៊ីលីដាក្រុងប៉ោយប៉ែត ក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជាមួយគ្នានេះ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ទាហាន មន្ត្រីអាជ្ញាធរ ក្រុមសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យជាង១០គ្រឿងក៏បាននឹងកំពុងពន្លត់ និងបញ្ជូនបន្ថែមពីខេត្ត និងស្រុកក្រុងនានាដើម្បីជួយអន្តរាគមន៍ ។

ប្រភពអ្នកឃើញហេតុការណ៍ និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចថា ភ្លើងបានចាប់ផ្តើមឆេះចេញពីផ្ទះតៀមរបស់ឈ្មោះលី តៀងសេង លក់គ្រឿងអគ្គីសនី អេឡិចត្រូនិក រាលទៅដល់ផ្ទះជិតខាងមួយចំនួនទៀត ដែលជាប្លុកលំនៅឋាន និងហាងអាជីវកម្មដ៏មមាញឹកមួយដែរក្នុងក្រុង ។ ទោះជាយ៉ាងណា មន្ត្រីថា ព័ត៌មានបឋមនេះនឹងត្រូវផ្ទៀងផ្ទាត់ក្នុងពេលបន្ទាប់ ។

ជាបន្ទាន់នេះ គេឃើញលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីកងកម្លាំងទាំង៣ប្រភេទ ក្រុមអ្នកជួយសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យរបស់ផ្នែកឯកជន ក៏បានទៅដល់និងដឹកនាំប្រតិបត្តិការ ៕

ដកស្រង់ពី៖រស្មីកម្ពុជា