បណ្តាញសង្គម

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ព្រួត​គ្នា​វាយ​បុរស​ម្នាក់​របួសធ្ងន់

រាជធានីភ្នំពេញ ៖ ករណីប្រើអំពើហិង្សាមួយ ដោយព្រួតគ្នា វាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ បញ្ជូនទៅតុលាការ ។

បើយោងតាមប្រភពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍២៤ម៉ោងលេខ (១២៩១) របស់អាវុធហត្ថរាជធានីភ្នំពេញ ថា មានករណីអំពើហិង្សាដោយចេតនា បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ កើតឡើង នៅចំណុច ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុដើម្បីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោស។

ប្រភពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តថា រហូតមកដល់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ០១និង១០នាទី រសៀល កម្លាំងជំនាញអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុច ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ យកមកសាកសួរ។

ជនសង្ស័យទាំង០៣នាក់ មានឈ្មោះ ៖

១-ឈ្មោះ កែវ ឌីម៉ង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ដឹកបន្លែ ទីលំនៅបច្ចុប្បន្ន ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

២-ឈ្មោះ សរ សីឡា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់នំកាឆាយ ទីលំនៅបច្ចុប្បន្ន ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

៣-ឈ្មោះ សុវណ្ណ ប្រាក់ ហៅ ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២១ និង៣០នាទី ពួកខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព