បណ្តាញសង្គម

សមត្ថកិច្ចកំពុងស្វែងរកអ្នកបាត់ខ្លួនដោយសារលិចទូកនៅស្ទឹងត្រែង

ស្ទឹងត្រែង:ទូកអ្នកភូមិមួយគ្រឿងដឹកមនុស្ស៨នាក់បានលិចពេលឆ្លងកាត់តំបន់ទឹកគួចខ្លាំងតាមដងទន្លេមេគង្គនៅកន្ទុយកោះហានស្ថិតក្នុងឃុំកោះស្នែងស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣។

លោក វ៉ាន់ សំផន មេឃុំកោះស្នែងបានឲ្យដឹងថាទូកមួយគ្រឿងដែលជួបហេតុការណ៍អាក្រក់នោះគឺជារបស់ប្រជាពលរដ្ឋរស់នៅភូមិកោះកី ឃុំកោះស្នែង ហើយពួកគេធ្វើដំណើរជាក្រុមគ្រួសារបងប្អូនឆ្ពោះទៅភូមិខាំផាន់សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងដើម្បីប្រកបមុខរបរ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាទូកប្រភេទនេសាទត្រីមួយគ្រឿងដែលលិចនោះបានផ្ទុកមនុស្សរហូតដល់៨នាក់ដឹកសម្ភារផ្សេងទៀត លុះពេលទូកឆ្លងកាត់តំបន់ទឹកហូរគួចខ្លាំងក៏បណ្ដាលឲ្យលិចតែម្ដងទៅ។នៅក្នុងហេតុការណ៍នោះអ្នកខ្លះបានទាញសម្ភារនៅលើទូកតោងយករួចខ្លួន អ្នកផ្សេងទៀតត្រូវទូកនេសាទឃើញជួយសង្គ្រោះ។

ប្រភពបានឱ្យដឹងទៀតថាមនុស្សដែលបាត់ខ្លួនមាន៤នាក់ក្នុងនោះពីរនាក់គឺជាកុមារ។អ្នកទាំងបួននាក់ដែលបាត់ខ្លួននោះទី១ឈ្មោះ សុត មី ភេទប្រុសអាយុ៥៦ឆ្នាំ។ទី ២ឈ្មោះ ម៉ី សុគ្រី ភេទស្រីអាយុ២៥ ឆ្នាំ។

ទី៣ឈ្មោះ លូយ ចន្ទ្រា ភេទប្រុសអាយុ ៨ ។ ទី ៤ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ៦ឆ្នាំ។ មកដល់រសៀលថ្ងៃទី១៤កុម្ភៈនេះសមត្ថកិច្ចកំពុងស្វែងរកអ្នកបាត់ខ្លួនមិនទាន់ឃើញនៅឡើយទេគឺបានតែទូក។រីឯម៉ាស៊ីនបានលិចចូលទៅក្នុងទឹកបាត់៕

ដកស្រង់ពី៖រស្មីកម្ពុជា