បណ្តាញសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រី ១២ នាក់ ពាក់ព័ន្ធករណីរារាំង សមត្ថកិច្ចអនុវត្តច្បាប់

ភ្នំពេញៈ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចូនជនសង្ស័យ ប្រុសស្រី ១២ នាក់ ទៅតុលាការ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសាកសួរករណីរារាំង និងរំខានដល់ សមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់។

គួររម្លឹកថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ក្រោមការចង្អុលបង្ហាញពី ជនសង្ស័យ ដែលចរាចរគ្រឿងញៀន កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយ កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌមានជ័យ បានបន្តចុះទៅដល់ទីតាំង ផ្ទះលេខ៧៣ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដើម្បីបន្តយកជនសង្ស័យ ដែលមានការ ពាក់ព័ន្ធនឹងករណី ខាងលើបន្ថែមទៀត ដោយមានការអនុញ្ញាតពី ព្រះរាជអាជ្ញារង ប្លង់ សុផល និងមានការដឹកនាំសម្របសម្រួលនីតិវិធី ដោយក្រឡាបញ្ជី គឹម ឆេងប៊ុន ផងដែរ ។

ប៉ុន្តែនៅពេលដែលសមត្ថកិច្ចអាវុធហត្ថ កំពុងធ្វើការ បែរជាក្រុមសាច់ញាតិជនសង្ស័យ មិនព្រមសហការ ថែមទាំងរារាំង និងបានប្រើពាក្យមិនគួរគប្បី ជេរប្រមាថ មកលើសមត្ថកិច្ច កំពុងអនុវត្តច្បាប់ទៀតផង។ ដោយឃើញដូចនេះ សមត្ថកិច្ចជំនាញអាវុធហត្ថ ក៏បានឃាត់ខ្លួនជនប្រុសស្រី ចំនួន ១២ នាក់ យកមកសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ទាំង ១២ នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោស តាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា