បណ្តាញសង្គម

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន បីនាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀន នៅខេត្តក្រចេះ

ក្រចេះ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានឃាត់ខ្លួនជន សង្ស័យ ចំនួន ៣ នាក់ (ស្រី ១នាក់) ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ការ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន ៣ នាក់នោះ មាន ១. ឈ្មោះ ហាំ កវីអះ ភេទស្រី, ២.ឈ្មោះ សុះ រសាត ភេទប្រុស ទាំងពីរនាក់ ជាជនជាតិខ្មែរឥស្លាម និង៣. ឈ្មោះ លី ពៅ ភេទប្រុស ទាំងបីនាក់ រស់នៅក្នុងភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានចាប់យកវត្ថុតាង និងសម្ភារៈ រួមមានម្សៅក្រាម ពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន ២៣ កញ្ចប់ធំ ទុយោសម្រាប់ចូក រំលែកគ្រឿងញៀន ចំនួន ២ ដើម ថង់សម្រាប់ច្រករំលែកគ្រឿងញៀន មួយចំនួន ឧបករណ៍ សម្រាប់ជក់គ្រឿងញៀន មួយចំនួន និងទូរសព្ទដៃ ចំនួន ១គ្រឿង។ បច្ចុប្បន្ននេះ ជនសង្ស័យប្រុសស្រី ចំនួន ៣ នាក់ រួមទាំងវត្ថុតាង ត្រូវកម្លាំងនគរបាល ក្រុងក្រចេះ បានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត នៅព្រឹក ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា