បណ្តាញសង្គម

​ផ្ទុះ​សង្គ្រា.ម​​​៣​ករណី​ផ្ទួន​ៗ​នៅ​កន្លែង​ផ្សេង​គ្នា​ស្លា.ប់​មនុស្ស​​អស់៣​នាក់​​

ខេត្តបាត់ដបង ៖ ក្រុមក្មេងទំនើងយ៉ាងតិចចំនួន០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១២ វិច្ឆិកា នៅទីតាំងផ្សេងៗគ្នាក្នុងឃុំបឹងរាំង ស្រុកកំរៀង ក្រោយពីមានបណ្ដឹងចោទប្រកាន់ពាក់ព័ន្ធនឹងការព្រូតគ្នាកាប់ទៅលើវយុជនម្នាក់រហូតដល់ស្លាប់ ខណៈអំពើហិង្សាដូចគ្នានេះដែរ ពីរករណីទៀតនៅស្រុកសង្កែ និងនៅស្រុកបាណន់ សមត្ថកិច្ចបានត្រិមអះអាងថា កំពុងធ្វើការស្រាវជ្រាវនៅឡើយ ។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមជនសង្ស័យវ័យឈាមរាវទាំង០៦នាក់នោះ ៖ ១-ឈ្មោះ ឈុន សំអាង អាយុ២៥ឆ្នាំ ២-ឈ្មោះ ហ៊ម យ៉ារ៉ាត់ អាយុ២៥ឆ្នាំ ៣-ឈ្មោះ ហ៊ន យ៉ារ៉ាន់ អាយុ២៤ឆ្នាំ ៤-ឈ្មោះ ជេម ជាន់ណា អាយុ៣២ឆ្នាំ (៤នាក់នេះនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង) ៥-ឈ្មោះ ហ៊ាង រ៉ូ អាយុ២៧ឆ្នាំ និង៦-ឈ្មោះ ង៉ែត ទី ហៅ ភ័ក្រ អាយុ៤២ឆ្នាំ (២នាក់នេះនៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង) ។ ដោយឡែក ជនរងគ្រោះដែលស្លាប់ឈ្មោះ គុយ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ។

គ្រួសារជនរងគ្រោះបានប្ដឹងចោទប្រកាន់ទៅលើក្រុមជនសង្ស័យទាំង០៦នាក់ខាងលើនេះ បានព្រូតគ្នាកាប់ទៅលើជនរងគ្រោះដោយកាំបិតប៉័ងតោ ត្រូវចំក្បាលរបួសធ្ងន់ តែជនរងគ្រោះបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ នេះបើតាមបណ្ដឹងសាច់ញាតិជនរងគ្រោះបានប្ដឹងទៅសមត្ថកិច្ច។ បើតាមសមត្ថកិច្ចបានបញ្ជាក់ដែរថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១០ វិច្ឆិកា នៅចំណុចភូមិថ្មី ឃុំត្រាង ស្រុកកំរៀង។

ប៉ុន្តែក្រោយពីសមត្ថកិច្ចជំនាញចុះពិនិត្យទីតាំងកើតហេតុ និងទទូលបានការបំភ្លឺខ្លះពីសាក្សីផង ទើបមន្ត្រីជំនាញធ្វើការស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៦នាក់ នាំយកទៅសួរនាំចាត់ការតាមនីតិវិធី។ សូមបញ្ជាក់ដែរថា សង្គ្រាមក្រុមក្មេងទំនើងនេះពីរករណីទៀត បានផ្ទុះឡើងស្ទើរដំណាលៗគ្នាដែរនៅស្រុកបាណន់ និងស្រុកសង្កែ។ បើតាមរបាយការណ៍ជនពាលមួយក្រុមបានជិះម៉ូតូដេញតាមស្ទាក់កាប់ទៅយុវជនម្នាក់ កាលពីយប់ថ្ងៃទី៩ វិច្ឆិកា នៅចំណុច ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ បណ្ដាលឲ្យយុវជននោះរងរបួសធ្ងន់ ត្រង់លលាដ៏ក្បាល ហើយបានស្លាប់ពេលក្រុមគ្រួសារដឹកទៅដល់មន្ទីរពេទ្យ។ ជនរងគ្រោះឈ្មោះ ធឿម ចំរើន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឬស្សី។ គេមិនដឹងថា តើក្រុមភាគីដៃដល់មានបក្សពួកប៉ុន្មាននាក់ ? ហើយមូលហេតុបានជាក្រុមជនដៃដល់ជិះម៉ូតូតាមកាប់សម្លាប់ជនរងគ្រោះដែរ ។

តាមប្រភពព័ត៌មាននានា នៅជិតកន្លែងកើតហេតុ ក្រោយកាប់ជនរងគ្រោះឲ្យរដួលដេកលើដី គេឮសំឡេងក្រុមជនដៃដល់ស្រែកថា « អ្ហែងខ្លាំងអីទៀតអ្ហែង » ដូច្នេះគេសង្ស័យអំពើហឹង្សាដ៏ឃោរឃៅនេះ អាចផ្ដើមចេញពីរឿងគំនុំ។ ប៉ុន្តែសមត្ថកិច្ចមួយចំនួនបានដាក់ការសង្ស័យទៅលើករណីនេះថា អាជាករណី«ប្លន់» ព្រោះសំអាងថា ជនរងគ្រោះបាត់ទូរស័ព្ទ តែកាបូបលុយ និង ម៉ូតូបែរជាក្រុមចោរមិន«ប្លន់» ហើយរហូតមកដល់ពេលនេះសមត្ថកិច្ចហាក់ពុំទាន់មានតម្រុយពីមុខសញ្ញាក្រុមជនដៃដល់នៅឡើយទេ។ យើងងាកមកមើលសង្គ្រាមយ៉ាងសាហាវឃោរឃៅរវាងក្រុមក្មេងទំនើងនៅឯស្រុកបាណន់វិញ ដែលបានកើតឡើង កាលពីយប់ថ្ងៃទី ១០ វិច្ឆិកា នៅចំណុចស្ថានីយប្រេងមួយកន្លែង នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ បង្កឡើងដោយពួកក្មេងទំនើងពីរក្រុម ដែលមានសមាសភាព០៤ទល់និង០៧នាក់ ប្រដាប់ដោយកាំបិតខ្វែវ និងផ្គាក់ ។ នៅក្នុងសង្គ្រាមបង្ហូរឈាមគ្នាយ៉ាងសាហាវនេះ បានធ្វើឲ្យជនម្នាក់ នៅក្នុងភាគី០៧នាក់ត្រូវរបួសធ្ងន់ត្រង់ក្បាល ហើយជននេះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ យុវជននេះ ឈ្មោះ លក សាវៀង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់។ គិតត្រិមថ្ងៃទី ១៣ វិច្ឆិកា នេះ សមត្ថកិច្ចហាក់ពុំទាន់ឃាត់ខ្លួនភាគីណាបានម្នាក់នៅឡើយទេ បើទោះជាអធិការស្រុកបាណន់ លោក សំ វីរៈ បានអះអាងតាំងពីថ្ងៃដំបូងថា ពួកបង្កសង្គ្រាមទាំងពីរក្រុមនោះ យើងបានស្គាស់អត្តសញ្ញាណអស់ហើយ ។

យ៉ាងណាក្ដី បើសង្ខេបក្នុងព្រឹត្តិការដែលបានកើតឡើងទាំង០៣ករណីខាងលើនេះ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបានក្រុមជនសង្ស័យចំនួន០៦នាក់ នៅស្រុកកំរៀង រីឯនៅស្រុកសង្កែ និងនៅស្រុកបាណន់ «សារ៉ូ» ខណៈអ្នកក្លាហានចំនួន០៣នាក់បានពលីជីវិត៕

ដកស្រង់ពី៖កោះសន្តិភាព