បណ្តាញសង្គម

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ក្រោយ​ឆ​.​ក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ ខណៈ​ទុក​ទូរស័ព្ទ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង២២និង០០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានបណ្ដឹងពីជនរងគ្រោះឈ្មោះ សូត្រ ស្រីនីត ភេទស្រី អាយុ២៤ឆ្នាំ ស្ដីពីករណីឆ.ក់ទូរស័ព្ទ នៅចំណុចម្ដុំវិហារឥស្លាម ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកក៏បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ព្រមទាំងដកហូតវត្ថុតាងម៉ូតូដែលជិះធ្វើសកម្មភាពឆ.ក់ទូរស័ព្ទ និងទូរស័ព្ទ១គ្រឿងដែលជាទូរស័ព្ទរបស់ជនរងគ្រោះខាងលើផងដែរ បន្ទាប់មកនាំខ្លួនជនសង្ស័យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ តាំង ស្រីវី ហៅកាកា ភេទស្រី អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីកម្លាំងជំនាញសួរនាំរួច ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថា «នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ រូបខ្លួន និងបក្សពួកម្នាក់ទៀតឈ្មោះ ភ័ក្រ ភេទប្រុស អាយុប្រហែល២៣ឆ្នាំ បាននាំគ្នាជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ទៅម្ដុំវិហារអ៊ីស្លាម ស្រាប់តែឃើញស្រីៗ២នាក់ឈប់ទិញអីវ៉ាន់ ដោយឃើញទុកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូស្គុបពីខាងស្ដាំ។ ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពបន្តថា «ពេលនោះឈ្មោះភ័ក្រ បានប្រាប់ឱ្យរូបខ្លួនទៅឆ.ក់យកទូរស័ព្ទនោះ លុះពេលយកបានហើយ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន តែត្រូវម្ចាស់ទូរស័ព្ទជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុចសាលាបឋមសិក្សាអូជ្រៅ ស្រាប់តែម៉ូតូរបស់ខ្លួនរលត់ម៉ាស៊ីន ពេលនោះឈ្មោះ ភ័ក្រ ក៏បានរត់ចោលម៉ូតូ ចំណែកខ្លួនវិញក៏ត្រូវកម្លាំងកងរាជអាវុធហត្ថមកដល់ ហើយឃាត់ខ្លួនតែម្ដង»។

ដោយផ្អែកលើចម្លើយសារភាព រួមនឹងវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ភ័ក្រ កម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបន្តហើយ។ រីឯទូរស័ព្ទរបស់ជនរងគ្រោះវិញ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕

ដកស្រង់ពី៖កោះសន្តិភាព