បណ្តាញសង្គម

តាម​ចាប់​ជនសង្ស័យ​២​នាក់ ដែល​ឆក់​យ៉ាង​សកម្ម ក្នុង​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មាននៅវេលាម៉ោងប្រហែល២១និង៥០នាទីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នៅចំណុចផ្លូវកោះទន្យាយ ស្ថិតនៅក្រុមទី២១ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយករណី បានកើតឡើងដោយមានជនសង្ស័យ០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ស បានធ្វើសកម្មភាពឆក់កាបូបរបស់នារីជនបរទេសម្នាក់ បានសម្រេច និងបណ្តាលឲ្យជនរងគ្រោះដួលបោក ទៅលើដី រួចជិះគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ការស្វែងរកជនសង្ស័យ ដែលកំពុងជិះម៉ូតូគេចខ្លួន តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបធ្វើការប្រដេញចាប់រហូតដល់ចំណុចចំការដូងប្រេង ស្ថិតនៅ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជនសង្ស័យក៏បានផ្តួលម៉ូតូចោល រួចរត់ចូលទៅក្នុងចំការដូងប្រេង ដើម្បីគេចខ្លួនពីកម្លាំងសមត្ថកិច្ច។

ដោយមានការសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងសមត្ថកិច្ច បានដាក់កម្លាំងមួយចំនួនធ្វើការហ៊ុមព័ទ្ធ និងកម្លាំងមួយចំនួនទៀត ធ្វើការរុករកជនសង្ស័យ រហូតដល់វេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ ដែលកំពុងសំងំលាក់ខ្លួននៅក្នុងចំការដូងប្រេង ។ ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ឈាង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ០៥ សង្កាត់លេខ៤ ខណ្ឌស្ទឹងមានជ័យ២ រាជធានីភ្នំពេញ ។

(ពិការដៃខាងស្តាំ ដាក់ដៃជ័រ) ២-ឈ្មោះ វ៉ាន សាវ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ខណ្ឌទួលពង្រ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យករួមមាន ៖ -ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ស គ្មានផ្លាកលេខ ជាមធ្យោបាយជិះធ្វើសកម្មភាព (កែដៃហ្គ៊ែរមកខាងឆ្វេង) -ទូរសព្ទ ០១គ្រឿង ម៉ាក iPhone ពណ៌ទឹកប្រាក់ ។ ចំពោះករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព