បណ្តាញសង្គម

ម៉ូតូពីរគ្រឿង បុកគ្នា បណ្តាលឱ្យស្លាប់ម្នាក់ របួសម្នាក់

បាត់ដំបងៈ នារីម្នាក់ បានស្លាប់ នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ដោយសារម៉ូតូពីរគ្រឿង បានបុកគ្នា ពេញទំហឹង នៅវេលាម៉ោង ០៨ៈ១០នាទី ព្រឹក ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិ អណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១Y-៨០៤១ បើកបរដោយឈ្មោះ កក្កដា ភេទស្រី អាយុ ២១ ឆ្នាំ មានទីលំនៅ ក្នុងភូមិ-សង្កាត់ក្បែរ ទីតាំងកើតហេតុ បានធ្វើដំណើរពីទិសលិច ទៅខាងកើត លុះមកដល់ចំណុចគ្រោះថ្នាក់ បានបត់ឆ្វេង ដើម្បីចូលផ្ទះ ភ្លាមនោះ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១I-៣៩០៧ បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ ក្នុងទិស ដៅផ្ទុយគ្នាពីខាងកើត ទៅខាងលិច ក្នុងល្បឿនមួយយ៉ាងលឿន រួចបាត់ការគ្រប់គ្រង បានបុកជាមួយម៉ូតូជនរងគ្រោះ យ៉ាងពេញទំហឹង បណ្តាលឱ្យនារី រងគ្រោះ ស្លាប់ភ្លាមៗ តែម្តង ចំណែកជនបង្ក បានរងរបួសធ្ងន់ ហើយបានត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យ៕

ដកស្រង់ពី៖រស្មីកម្ពុជា