បណ្តាញសង្គម

បុរសម្នាក់ បើកម៉ូតូលឿន មិនប្រយ័ត្ន ទៅបុករថយន្តពីក្រោយ បណ្ដាលឱ្យស្លាប់

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ បន្ទាប់ពីបើកម៉ូតូលឿន ទៅបុករថយន្តមិនស្គាល់ម៉ាក ពីក្រោយ យ៉ាងពេញទំហឹង កាលវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃចន្ទ ទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចមុខបុរីពិភពថ្មីគម្រោង៣ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈុន នី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅបន្ទប់ជួលជិតវត្តស្លែង អាសយដ្ឋាននៅភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B.0575 ជិះតែម្នាក់ឯង ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថាដំបូងឡើយ គេឃើញបុរសរងគ្រោះ ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីទិសខាងត្បូង ទៅខាងជើង ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើ មិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តពីក្រោយ យ៉ាងពេញទំហឹង បណ្ដាលឱ្យដួលផ្កាប់មុខទៅនឹងថ្នល់ ស្លាប់ភ្លាមៗមួយរំពេច ដោយមិនបានពាក់មួកសុវត្ថិភាព ហើយរថយន្ត បានបន្ថែមល្បឿន ចេញពីកន្លែងកើតហេតុបាត់តែម្ដង។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌកំបូល បានចុះមកវាស់វែង យកមធ្យោបាយទៅរក្សាទុក និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា