បណ្តាញសង្គម

ករណីបទល្មើសនេសាទនៅឃុំទន្លេបិទកំពុងមានមន្ទិល

ត្បូងឃ្មុំ៖ តាមសេចក្តីរាយការណ៍ពីខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការទុកបណ្តោយឱ្យបទល្មើសនេសាទកើតឡើងយ៉ាងពេញបន្ទុក នៅក្នុងភូមិសាស្រ្តព្រែកជីកដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រូវបានគេសង្ស័យថា អ្នកដែលពាក់ព័ន្ធបានទទួលសំណូកពីក្រុមអ្នកនេសាទខុសច្បាប់ តាមរយៈមេការម្នាក់ ជាថ្នូរមិនទប់ស្កាត់និងមិនបង្រ្កាប ខណៈខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំបានសួររកឈ្មោះអ្នកផ្តល់ព័ត៌មាននេះ។

សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា បង្គោលបោះជាជួរ និងមានចងបន្តោងបាវខ្សាច់ ឬពិដុងច្រកទឹកទប់លំនឹង ឆ្លងព្រែក ឃ្លាតគ្នាចម្ងាយពីជាង១០ ទៅ ២០ម៉ែត្រនោះ គឺជាឧបករណ៍ដាយ ដែលអ្នកចាប់ត្រីខុសច្បាប់ ដាក់បង្ឃាំងដើម្បីចាប់យកត្រីគ្រប់ប្រភេទ និងទាំងតូច ទាំងធំ ច្រើនថ្ងៃមកហើយ។

ក្នុងនោះម្ចាស់ដាយនីមួយៗ លើក ឬចាប់យកត្រីម្តងរាប់សឹបគីឡូក្រាម លក់ឱ្យឈ្មួញចំពោះត្រីធំៗ ហើយត្រីតូចៗ លក់ឱ្យអ្នកចិញ្ចឹមត្រីធ្វើជានុយ។ សេចក្តីរាយការណ៍នោះបានបន្តថា សកម្មភាពខាងលើក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទ បានចាប់ច្រើនថ្ងៃពោល គឺចាប់តាំងពីអាកាសធាតុចុះត្រជាក់ រដូវទឹកទន្លេមេគង្គស្រក និងធ្លាក់ខ្យល់ពីទិសខាងជើង ក្រោយពីពួកគាត់(ក្រុមចាប់ត្រីខុសច្បាប់) បានស្រុះស្រួលគ្នា ប្រមូលលុយសរុបបានចំនួន ១៨លាន រៀល ប្រគល់ឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ រយៈមេការម្នាក់ ដើម្បីជាថ្នូរការទប់ស្កាត់ និងបង្រ្កាប។

ជុំវិញបញ្ហាសមត្ថកិច្ច និងអាជ្ញាធរទុកបណ្តោយឱ្យបទល្មើសនេសាទកើតឡើងពេញបន្ទុកនៅក្នុងព្រែកជីកដូនម៉ៅ ដោយសង្ស័យបានទទួលសំណូកប្រមាណ ១៨លាន រៀលខាងលើនេះលោក ភិន ឈុន មេឃុំទន្លេបិទ បានឆ្លើយបកស្រាយនៅថ្ងៃទី ២១ វិច្ឆិកាថា នៅប៉ុន្មានថ្ងៃមុន ខាងជលផលបានចុះទៅបង្រ្កាបក្នុងព្រែកនេះ(ព្រែកជីកដូនម៉ៅ)ម្តងហើយ ដោយបានចាប់ដកបង្គោលរបស់ឧបករណ៍ដាយ ដាក់បាំងព្រែកចេញ តែមិនបានចាប់ឃាត់ខ្លួនអ្នកចាប់ត្រីខុសច្បាប់ណាម្នាក់នោះទេ។

លោកមេឃុំទន្លេបិទបានបន្តថា ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅក្នុងព្រែកនេះពិតជាបានឃើញស្អេកស្កះប្រាកដមែន ប៉ុន្តែខាងលោកដែលនៅកៀកកិត ជាមួយប្រជាពលរដ្ឋជាអ្នកនេសាទខុសច្បាប់ទាំងនោះ មិនបានទប់ស្កាត់ ឬបង្រ្កាបទេកន្លង គឺបានត្រឹមតែហៅមកអប់រំ ណែនាំ កុំឱ្យបន្តការប្រព្រឹត្តចាប់ត្រីខុសច្បាប់បន្តទៀត។

ដោយឡែកបញ្ហាដែលថា មានមេការក្រុមអ្នកដាក់ដាយប្រមូលលុយប្រមាណជិត ២០លាន រៀលឱ្យសមត្ថកិច្ច ជាថ្នូរនឹងការមិនចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនោះ លោកមិនដឹងរឿងនេះទេ។ ដោយឡែកងាកមកលោក អៀម ម៉ាយ៉ុងរី ជានាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំមិនបានឆ្លើយបកស្រាយករណីបទល្មើសនេសាទនៅព្រែកជីកដូនម៉ៅទេ ប៉ុន្តែបានសួរអ្នកសារព័ត៌មានវិញថា លុយជិត២០លាន រៀលនោះប្រគល់ឱ្យអ្នកណា? និងបានរកឈ្មោះអ្នកផ្តល់ព័ត៌មានករណីនេះ។

សូមបញ្ជាក់ថា បទល្មើសនេសាទប្រហាក់ប្រហែលនឹងព្រែកជីកដូនម៉ៅ ក្នុងខេត្តត្បូងឃ្មុំនេះ គឺនៅមានព្រែកពាមជីលាំង ស្ថិតក្នុងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំដូចគ្នា ដោយមានសកម្មភាពបទល្មើសជាទ្រុងទ្រាយធំព្រែកជីកដូនម៉ៅ ព្រោះព្រែកនេះមានទំហំ និងប្រវែងវែងជាង ហើយបទល្មើសតែងកើតមានជារៀងរាល់ ក្នុងរដូវទឹកទន្លេស្រក ហូរចេញពីបឹងជាមួយនឹងត្រីក្នុងមួយឆ្នាំៗ៕

ដកស្រង់ពី៖រស្មីកម្ពុជា