បណ្តាញសង្គម

នារី​ម្នាក់​ដេញ​តាម​បុរស​២​នាក់​ស្រែក​ឱ្យ​គេ​ជួយ​ចាប់ ផ្អើល​សមត្ថកិច្ច​កំពុង​តែ​ល្បាត​តាម​ផ្លូវ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យវ័យក្មេងចំនួន២នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ បន្ទាប់ពីជនសង្ស័យទាំងនោះធ្វើសកម្មភាពឆ.ក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច ហើយជិះរត់គេចខ្លួន តែរត់មិនរួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៦៣ កែងផ្លូវ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនេះមានឈ្មោះ យិន វាសនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងសាក់រូប ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ជាអ្នកបើកម៉ូតូ ។ ចំណែកម្នាក់ទៀតអង្គុយខាងក្រោយ មានឈ្មោះ នាង ចាន់ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាអ្នកធ្វើសកម្មភាព។

រីឯវត្ថុតាងដែលដកហូតបានមាន ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KJ 5962 មួយគ្រឿង ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ សេចក្តីរាយការណ៍បន្តទៀតថា ដោយឡែកជនរងគ្រោះវិញ មានឈ្មោះ ខន ចាន់ឌី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួល ម្តុំផ្លូវ៤៦០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌចំការមន បានបាត់ទូរស័ព្ទដៃម៉ាក iPhone ១១ មួយគ្រឿង។

តាមសម្តីជនរងគ្រោះ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ចេញពីកោះពេជ្រ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ដោយជិះធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ជិតដល់ផ្ទះ រូបគាត់ក៏ដកទូរស័ព្ទដៃម៉ាក iPhone ១១ ដើម្បីតេឱ្យអ្នកផ្ទះបើកទ្វារឱ្យ ប៉ុន្តែគាប់ជួនពេលនោះ ក៏ស្រាប់តែលេចមុខបុរសជាជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មកធ្វើសកម្មភាពឆ.ក់ទូរស័ព្ទពីដៃរបស់គាត់បានសម្រេច ហើយក៏បន្ថែមល្បឿនម៉ូតូជិះទៅមុខតែម្ដង។ ជនរងគ្រោះបន្តថា ខណៈពេលនោះដែរ រូបគាត់ជាជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយ និងស្រែកអោយគេជួយផងដែរ។ គាប់ជួនពេលនោះដែរ ក៏ជួបនឹងកម្លាំងចម្រុះរបស់អធិការដ្ឋានខណ្ឌចំការមន កំពុងតែល្បាតនៅតំបន់នោះ ក៏ជួយដេញចាប់ប្រផាប់ប្រភីង រហូតចេញពីកន្លែងកើតបានប្រហែល១០០ម៉ែត្រ ស្រាប់តែជនសង្ស័យដួលម៉ូតូតែម្ដង ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន និងនាំខ្លួនជនសង្ស័យយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ទៅ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា «ពួកគេទាំង២នាក់ពិតជាបានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទរបស់នារីរងគ្រោះពិតប្រាកដមែន»។ ពាក់ព័ន្ធក្នុងក្នុងហេតុការណ៍ខាងលើនេះដែរ នៅពេលដែលជនសង្ស័យដួលម៉ូតូនោះ ទូរស័ព្ទរបស់ជនរងគ្រោះ មិនដឹងថា ជាខ្ទាតបាត់ទៅណានោះទេ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមនីតិវិធីផងដែរ ចំណែកជនសង្ស័យវិញ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព