បណ្តាញសង្គម

«អា​វិ​ច្ឆ័​យ» ! ធ្លាប់​ជាប់គុ.ក​២​ដង​ហើយ​មិន​រាង​ចាល ឥឡូវ​លួច​ឡាន១​គ្រឿង ម្ចាស់​ឃើញ​ទាន់​ស្រែក​​ផ្អើល

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់គឺជាមុខសញ្ញាចោរកម្មដ៏សកម្ម ហើយកន្លងមកធ្លាប់ជាប់ពន្ធនាគារដល់ទៅ២ដងមករួចមកហើយ ប៉ុន្តែក្រោយចេញមកវិញមិនបានរាងចាលសូម្បីតែបន្តិចឡើយ ។

ចុងក្រោយនេះបានធ្វើសកម្មភាពលួចរថយន្តស៊េរីទំនើប១គ្រឿង ដែលម្ចាស់ចតទុកនៅតាមផ្លូវដើរចូលទៅទិញអីវ៉ាន់នៅផ្សារ ។ ប៉ុន្តែបម្រុងបើកគេចទៅហើយ ក៏ត្រូវម្ចាស់ឃើញទាន់ក៏ស្រែកឆោឡោថា«ចោរៗ» បង្កការភ្ញាក់ផ្អើលដល់មហាជននាំគ្នាព័ទ្ធចាប់បានរួចប្រគល់ជូននគរបាលខណ្ឌដង្កោតែម្ដង។

ហេតុការណ៍ខាងលើនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅផ្សារសារឿនយ៉ានី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ហៅផ្លូវចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ គង់ វិច្ឆ័យ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជននេះមានសមាសភាពជាមុខចោរកម្ម ដែលកន្លងមកធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្ម។

ជននេះធ្លាប់ជាប់ពន្ធនាគារចំនួន២ដងមកហើយ ដោយឡែកពេលនេះបានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងម៉ាកRANGE ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជា LNL-7979 ដែលជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះ ម៉េង ចាន់ថន អាយុ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ៣១២ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ស្ត្រីជនជាតិវៀតណាមរូបនោះបានបើករថយន្តទៅឈប់នៅក្បែរផ្សារសារឿនយ៉ានី ហើយមិនបានដកសោរចេញទេ បន្ទាប់មកក៏ចុះដើរចូលទៅក្នុងផ្សារ។

ខណៈនោះ ស្រាប់តែជនសង្ស័យខាងលើដើរទៅជិត រួចបើកទ្វាររថយន្តឡើងជិះបម្រុងបើករត់គេចខ្លួន ប៉ុន្តែត្រូវបានស្ត្រីម្ចាស់រថយន្តនោះឃើញទាន់ក៏ស្រែឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជនដែលស្ថិតនៅក្នុងផ្សារនាំគ្នាជួយដេញតាមព័ទ្ធចាប់។ ពេលនោះជនសង្ស័យបានបើករថយន្តទៅបុកជាមួយរថយន្តអ្នកដំណើរបណ្ដាលឲ្យរងការខូចខាតទើបចាប់ បានរួចប្រគល់ឲ្យនគរបាលខណ្ឌដង្កោសាកសួរនិងចាត់ការតាមច្បាប់តែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព